ព័ត៌មានទាន់ហេតុការណ៍៖

សមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់អង្គការណាតូ នឹងចាប់ផ្តើមធ្វើនៅដើមសប្តាហ៍ក្រោយ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Mark Rutte បាននិយាយថា បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ នឹងចាប់ផ្តើមធ្វើសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ចំពោះមុខការបង្កើនវោហារសាស្រ្តនុយក្លេអ៊ែរ ពីសំណាក់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន។
ថ្លែងនៅទីក្រុងឡុងដ៍ ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Kier Starmer និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី លោក Rutte បាននិយាយដូច្នេះថា «នៅក្នុងពិភពលោកមួយ ដែលកំពុងតែមានភាពមិនច្បាស់លាស់ វាជារឿងសំខាន់ខ្លាំងណាស់ក្នុងការធ្វើតេស្តក៏ដូចជាពង្រឹងសមត្ថភាពការពារខ្លួនរបស់យើង ដើម្បីឱ្យសត្រូវយើង មើលឃើញច្បាស់ថា NATO ត្រៀមលក្ខណៈរួចរាល់ជានិច្ច និងមានសមត្ថភាពឆ្លើយតប ចំពោះការគំរាមកំហែងនានា»។
យោងតាមក្រុមមន្រ្តី NATO ដែលមានសមាជិក៣២ប្រទេស យន្តហោះចម្បាំង F-35A និងយន្តហោះទម្លាក់គ្រាប់បែក B-52 នឹងស្ថិតក្នុងចំណោមយន្តហោះសរុបប្រមាណ៦០គ្រឿង មកពី១៣ប្រទេស ដែលត្រូវចូលរួមក្នុងសមយុទ្ធយោធា ហៅថា Steadfast Noon ដែលរៀបចំឡើងដោយបែលហ្ស៉ិក និងហុល្លង់។ សមយុទ្ធនុយក្លេអ៊ែរនេះ នឹងមិនមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរពិតៗឡើយ ហើយនឹងប្រព្រឹត្តទៅរយៈពេលប្រហែល ២សប្តាហ៍។
គួរបញ្ជាក់ថា លោក ពូទីន ធ្លាប់ព្រមានលោកខាងលិចម្តងហើយម្តងទៀតអំពីអាវុធនុយក្លេអ៊ែរ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ កាលពីខែកញ្ញាកន្លងទៅនេះ លោក ពូទីន បានប្រកាសកែសម្រួលគោលការណ៍ ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ប្រទេស
រុស្ស៉ី ដោយបន្ថែមសេណារីយ៉ូច្រើនជាងមុន សម្រាប់ឱ្យរុស្ស៉ីអាចពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន។ ពាក់ព័ន្ធសមយុទ្ធនុយក្លេអ៊ែរខាងលើ ក្រុមមន្រ្តី NATO បានអះអាងថា វាមិនមែនជាការឆ្លើយតបចំពោះ ការប្រកាសណាមួយនាពេលថ្មីៗនេះ ដោយទីក្រុងមូស្គូឡើយ ដ្បិតសមយុទ្ធនេះ បានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ៕

ដោយ៖ ធីរីណា(រូប​ថត​៖ VOV.VN)


ចែករំលែក៖