ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​ ៩ខែ! យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ ករណីដែលម្ចាស់បណ្ដឹងបង្ហាញនូវកង្វល់អំពីភាពមិនប្រក្រតី ចំពោះសំណុំរឿងរបស់ខ្លួនដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ មានចំនួន ២៦៤ករណី ស្មើនឹង ១៣,៧% នៃបណ្តឹងសរុបចំនួន ១.៩២៧

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ នៅរសៀល​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការដែលត្រូវបានប្រកាសដាក់ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ 

ជាលទ្ធផល, គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានចាត់ការបណ្តឹងរបស់ប្រជាពលរដ្ឋរួច សរុបចំនួន ១ ៥៧៤ ករណី ស្មើនឹង ៨១,៦៩% នៃបណ្តឹងសរុបដែលមានចំនួន ១ ៩២៧ករណី ក្នុងនោះ ករណីដែលម្ចាស់បណ្តឹងបង្ហាញនូវកង្វល់អំពីភាពមិនប្រក្រតីចំពោះសំណុំរឿងរបស់ខ្លួនដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ មានចំនួន ២៦៤ ករណី ស្មើនឹង ១៣,៧០%។

គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈតេឡេក្រាម (Telegram) ឃូលអេប (CoolApp) និងលេខទូរស័ព្ទ 099 444 181៕

ដោយ​៖ តារា​


ចែករំលែក៖