ព័ត៌មានទាន់ហេតុការណ៍៖

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះពិនិត្យទីតាំងអនុគម្រោងប្រព័ន្ធធារាសាស្ត្រទំនប់ក្រាយ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM Phase 1  ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយក្រុមការងារបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ និងអាជ្ញាធរដែនដី បានអមដំណើរ លោក ឈុន សំរឹទិ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី បានចុះពិនិត្យទីតាំងអនុគម្រោងប្រព័ន្ធធារាសាស្ត្រទំនប់ក្រាយ នៃកម្មវិធីការគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី១ ស្ថិតក្នុងភូមិសាស្រ្ត ឃុំផ្សាក្រោម និងឃុំកំពង់ចិនជើង ជិតក្រុងស្ទោង ខេត្តកំពង់ធំ។

លោករដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាៈ គម្រោងនេះបានសិក្សាគ្រប់ជ្រុងជ្រោយទាំងលើទិដ្ឋភាពបច្ចេកទេស និងការវិភាគសេដ្ឋកិច្ច ដោយទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិចប់ជាស្ថាពរ ហើយគ្រោងនឹងដាក់ជូនក្រុមការងារបច្ចេកទេសកម្មវិធីរបស់ក្រសួងពិនិត្យនៅសប្តាហ៏ក្រោយ។ លោក បានគូសបញ្ជាក់ថា គម្រោងនេះមានអ្នកទទួលផលចំនួន៤ភូមិ ស្មើនឹង ៧៣០គ្រួសារ និងមានផ្ទៃដីសរុប ៦៨៨ ហ.ត ។ ក្នុងឱកាសនោះ ប្រធានប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់ក្រុមការងារបច្ចេកទេសកម្មវិធីរបស់ក្រសួង ត្រូវបន្តយកចិត្តទុកដាក់លើការចូលរួមរបស់អាជ្ញាធរដែនដី ប្រជាពលរដ្ឋការប្រើប្រាស់ទំនប់ និងចូលរួមថែរក្សាសមិទ្ធផលថ្មីនេះឱ្យមាននិរន្តរភាព៕

ដោយ ៖ សិលា


ចែករំលែក៖