ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង ព្រមានកូរ៉េខាងត្បូងពីមហន្តរាយ ជុំវិញឧបទ្ទវហេតុដ្រូន​

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង កាលពីថ្ងៃសៅរ៍ ទី១២ ខែតុលា បានព្រមានថាទីក្រុងសេអ៊ូល នឹងត្រូវប្រឈមមុខនឹង មហន្តរាយដ៏រន្ធត់ ប្រសិនបើហ៊ានបញ្ជូនដ្រូនហោះចូលទីក្រុងព្យុងយ៉ាងសាជាថ្មី មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងពីការបង្ហោះដ្រូនចូលរដ្ឋធានីរបស់ខ្លួន។កូរ៉េខាងជើង កាលពីថ្ងៃសុក្រ ទី១១ ខែតុលា បានចោទប្រកាន់ថាកូរ៉េខាងត្បូង បានបង្ហោះដ្រូនសណ្ដោងខិត្តបណ្ណឃោសនាចូលដែនអាកាសនៃរដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃទី៣ ខែតុលា ហើយបង្ហោះចូលជាថ្មីម្ដងទៀតកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ដំបូងឡើយ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun បានច្រានចោល ការចោទប្រកាន់របស់កូរ៉េខាងជើង តែប៉ុន្មានម៉ោងក្រោយ ស្រាប់តែអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងកែប្រែគោលជំហរនេះ ដោយនិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ពួកគេមិនអាចបញ្ជាក់បានទេថាតើការចោទប្រកាន់របស់កូរ៉េខាងជើង ជាការពិត ឬមិនពិត?

ប៉ុន្តែ អ្នកនាង គីម យ៉ូជុង បាននិយាយថាការបដិសេធទទួលស្គាល់របស់កូរ៉េខាងត្បូង គឺមានន័យថាដ្រូនពិតជាត្រូវបានបង្ហោះចូលក្នុងដែនអាកាសនៃរដ្ឋធានីព្យុងយ៉ាងពិតមែន។ អ្នកនាង បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើដ្រូនណាមួយរបស់កូរ៉េខាងត្បូង ត្រូវបានប្រទះឃើញជាថ្មីនៅក្នុងដែនអាកាសនៃរដ្ឋធានីរបស់យើង នោះវានឹងនាំទៅរកមហន្តរាយដ៏រន្ធត់»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃសុក្រ បាននិយាយថាដ្រូនដែលអាជ្ញាធរកូរ៉េខាងជើងចោទថាបានហោះចូលដែនអាកាសទីក្រុងព្យុងយ៉ាង គឺបានទម្លាក់ ខិត្តបណ្ណរិះគន់ប្រឆាំងរបបដឹកនាំលោក គីម ជុងអ៊ុន រួមទាំងខិត្តបណ្ណមួយចំនួនដែលដុតបញ្ឆេះពាក្យចចាមអារ៉ាម និងផ្ទុកសំរាម។ KCNA ក៏បានចាត់ទុកផងដែរថាឧបទ្ទវហេតុនេះ ជាទង្វើបំពានច្បាប់អន្តរជាតិ និងការវាយប្រហារយោធាមួយដ៏ធ្ងន់ធ្ងរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ YONHAP


ចែករំលែក៖