ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយនៅវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ថា នាវារបស់ប្រទេសម៉ាឡេស៊ីមួយគ្រឿង មានដឹកប្រេងរហូតដល់៩០០.០០០លីត្រត្រូវចោរសមុទ្រស្ទាក់ប្លន់យកទៅបាត់ដោយសុវត្ថិភាព ស្ថិតនៅក្នុងដែនសមុទ្រប្រទេសឥណ្ឌូនេស៊ី ។ នេះបើតាមប្រភពព័ត៌មានពីទាហានជើងទឹករបស់ប្រទេសនេះ ។
ប្រភពបានបញ្ជាក់ថា នាវាដឹកប្រេង MT Vier Harmoni ដែលធ្វើដំណើរពីកំពង់ផែ Tanjung Pelepas ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែសីហា បន្ទាប់មកនាវានេះក៏ត្រូវចោរប្លន់យកទៅបាត់ ។
ប្រធានទីភ្នាក់ងារអនុវត្តច្បាប់របស់កម្លាំងទាហានជើងទឹកម៉ាឡេស៊ី (MMEA) បានថ្លែងនៅលើប្រព័ន្ធទំនាក់ទំនង tweet ថា គេបានជឿជាក់ថា នាវាដែលត្រូវចោរប្លន់នេះ សង្ស័យថា កំពុងស្ថិតនៅក្នុងដែនកោះBatam ប្រទេសឥណ្ឌូនេស៊ី ។
តម្លៃទំនិញដែលដឹកតាមនាវាខាងលើនេះ ត្រូវគេប៉ាន់ប្រមាណថា ស្មើតម្លៃប្រហាក់ប្រហែល ៣៩២.៧៩៥ដុល្លារអាមេរិក ។
អត្តសញ្ញាណក្រុមចោរសមុទ្រ គេនៅមិនទាន់ដឹងនៅឡើយទេ ៕ ថាច់ យ៉ាត