ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះបង្រ្កាបរថយន្តដឹកផ្ទុកផលិតផលបក្សីឆ្អឹងមាន់ខូចគុណភាពជិត២តោន នាំចេញពីប្រទេសថៃតាមច្រករបៀងអូរបីជាន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តនីសាន់១បាំងកន្លះ១គ្រឿង ពាក់ស្លាកលេខ សៀមរាប ២ A ៤១០០ ពណ៌សំបកឪឡឹក ដឹកផ្ទុកផលិតផលបក្សីឆ្អឹងមាន់ខូចគុណភាព ហាមឃាត់ខុសច្បាប់ជិត២តោន ឈ្មួញនាំពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រករបៀងអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបាន មន្រ្តីពេទ្យសត្វខេត្តនិងមានការចូលរួមសហការពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុពេទ្យមន្ទីរកសិកម្មខេត្ត និងលោកអនុសេនីយ៍ឯក ហុក ចិត្រា នាយផ្នែកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃនាយកដ្ឋានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចេញប្រតិបត្តិការបង្រ្កាប រថយន្តនីសាន់នោះ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិកូនត្រី ឃុំកូបស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យខណៈដែលរថយន្តដឹកផ្ទុកឆ្អឹងមាន់ហាមឃាត់ខុស ច្បាប់ ធ្វើដំណើរចេញពីច្រករបៀងអូរបីជាន់ឆ្លងកាត់ខេត្តបន្ទាយមានជ័យបម្រុងឆ្ពោះទៅខេត្តសៀមរាប ។

ជាមួយនិងការបង្រ្កាបរថយន្តដឹកផ្ទុកផលិតផលបក្សីខុសច្បាប់ សមត្ថកិច្ច ក៏បានឃាត់ខ្លួនអ្នកបើករថយន្តម្នាក់មានឈ្មោះ សៀង ប៊ុនហេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

រថយន្តដឹកផ្ទុកផលិតផលបក្សីខាងលើ ត្រូវបាន សមត្ថកិច្ចចាប់បញ្ជូនមកកាន់មន្ទីរកសិកម្ម ខេត្តដើម្បីបាញ់ថ្នាំរំងាប់មេរោគបង្ការទប់ស្កាត់ក្រែងឆ្លងមេរោគផ្សេងៗពីផលិតផលបក្សីដែលគ្មានការត្រួតពិត្យនិងគ្មានអនុញ្ញាតច្បាប់ពីក្រសួងកសិកម្មនោះ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុពេទ្យ នៃមន្ទីរកសិកម្មខេត្ត ប្រាប់ឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបង្រ្កាបរថយន្តដឹកផ្ទុកផលិតផលបក្សីហាមឃាត់ខុសច្បាប់គឺជាវិធានការដើម្បីបង្ការទប់ស្កាត់នៃការនាំចូលផលិតផលសត្វបក្សីពីប្រទេសជិតខាង ចូលមកប្រទេសកម្ពុជាគ្មានការអនុញ្ញាតច្បាប់ត្រឹមត្រូវក្នុងគោលបំណងដើម្បីចូលរួមលើកកំពស់សុវត្ថិភាពម្ហូបអាហារសម្រាប់ប្រជាពលរដ្ឋខ្មែរ។សកម្មភាពនៃការនាំចូលផលិតផលបក្សីខុសច្បាប់ពីសំណាក់ក្រុមឈ្មួញជាការនាំចូលនូវកាកសំណល់ផលិតផលបក្សីដែលនៅក្នុងប្រទេសថៃ គេបោះចោលខូចគុណភាពហើយត្រូវបានឈ្មួញខ្មែរនាំចូលមកក្នុងប្រទេសកម្ពុជាគឺជាអំពើខុសច្បាប់ដែលក្រសួងកសិកម្មធ្វើការហាមឃាត់មិឱ្យនាំចូលមកនោះទេ។

បើតាមចម្លើយសារភាពពីម្ចាស់ផលិតផលបក្សីការនាំចូលឆ្អឹងមាន់យកទៅឱ្យចំណីក្រពើនៅខេត្តសៀមរាប ដោយក្នុង១រថយន្តបង់ប្រាក់ក្រុមទាហានឈរជើងនៅច្រកអូរបីជាន់២ម៉ឺនរៀល គាត់មិនដឹងថាឆ្អឹងមាន់នោះត្រូវបានច្បាប់ហាមឃាត់នោះទេ ផលិតផលបក្សីមានទម្ងន់១,៨០០គីឡូក្រាម ។

ម្ចាស់រថយន្តនិងផលិតផលបក្សីខាងលើត្រូវបានកសាងសំណុំរឿងយកទៅអនុវត្តតាមផ្លូវច្បាប់ដោយឡែកសម្រាប់ផលិតផលបក្សីនោះដែរសមត្ថកិច្ចចម្រុះនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ គ្រោងនិងយកដុតកំទេចចោលផងដែរ ។

សូមរំលឹកថាពាក់ព័ន្ធនិងការបង្រ្កាបការដឹកជញ្ជូនផលិតផលបក្សីខូចគុណភាពហាមឃាត់ខុសច្បាប់នោះដែរ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏ធ្លាប់បង្រ្កាបរថយន្តកាម់រី១គ្រឿងដឹកផលិតផលបក្សីខុសច្បាប់ជាង១តោន ឈ្មួញនាំពីព្រទេសថៃតាមច្រកអូរបីជាន់ហើយបម្រុកយកមកលក់ចែកចាយនៅខេត្តសៀមរាបនោះផងដែរ ៕ សំ វិច្ឆិកា

IMG_9185

IMG_9184

IMG_9182

IMG_9181

IMG_9177

IMG_9162

IMG_9161

IMG_9186


ចែករំលែក៖