ខេត្តកណ្តាលៈ ឃាតករបាញ់សម្លាប់បុរសជនជាតិកូរ៉េនៅស្រុកកណ្ដាលស្ទឹង ត្រូវបានព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកណ្តាលលោក ឯក សុនរស្មី ចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ។
ឃាតករូបនេះ ត្រូវបានលោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយកាលព្រឹកថ្ងៃទី១៧ ខែសីហា ។
ឃាតកខាងលើនេះឈ្មោះ ផុំ រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាលត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ដកណ្ដាលសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបានកាលពីវេលាម៉ោង១៧ និង០៥នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចខាងកើតផ្សារធំថ្មី រាជធានីភ្នំពេញ ។
គួររំឮកថា សហប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពបាញ់៤គ្រាប់សម្លាប់បុរសជនជាតិកូរ៉េម្នាក់ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនៅត្រង់ចំណុចសាលាឆទៀនមួយកន្លែង ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រៃរកា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។ ជនរងគ្រោះឈ្មោះ JO CHUNSEONG ភេទប្រុស កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៥៨ ជាជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M63412275 ។
ក្រោយពីចាប់ខ្លួនជនសង្ស័យឈ្មោះ ផុំ រដ្ឋា បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំភ្លើងខ្លីបាញ់ជនរងគ្រោះចំនួន៤គ្រាប់ បណ្ដាលឲ្យស្លាប់នៅក្នុងសាលាឆទៀនឯភូមិកោះខ្នុរ ឃុំព្រៃរកា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។ ក្រោយពីបាញ់សម្លាប់ជនរងគ្រោះខ្លួនបានបើករថយន្ដម៉ាកKIA MORNING ពណ៌ការ៉ុត ពាក់ស្លាកលេខ ភ្នំពេញ 2AK-7925 ឡើងទៅផ្លូវជាតិលេខ២ក្នុងគោលបំណងឆ្ពោះទៅខេត្ដតាកែវ តែដោយសារខ្លាចមានសមត្ថកិច្ចស្ទាក់ចាប់ ខ្លួនក៏ឈប់រថយន្ដទុកចោលក្បែចិញ្ចើមផ្លូវទៅស្ថិតក្នុងភូមិសាស្រ្ដស្រុកបាទី ខេត្ដតាកែវ ជិតស្នាក់ការកងរាជអាវុធហត្ថការពារសន្ដិសុខ២០១ រួចក៏ជួលម៉ូតូឌុបជិះឆ្ពោះតាមផ្លូវជាតិលេខ៣ទៅរាជធានីភ្នំពេញវិញ ។
ជនសង្ស័យបន្ដថា ពេលជិះម៉ូតូតាមផ្លូវរូបគេបានយកកាំភ្លើងខ្លីក្រវែងចោល រហូតដល់ចំណុចស្ពាន៧មករា ខ្លួនក៏បន្ដយកកាបូបស្ពាយនិងឯកសារមួយចំនួនទៀតពាក់ព័ន្ធនិងជនរងគ្រោះបោះចូលទៅក្នុងទឹក ទើបបន្ដដំណើរឆ្ពោះចូលក្នុងរាជធានីភ្នំពេញជាធម្មតា ។ ជនសង្ស័យឈ្មោះ ផុំ រដ្ឋា បញ្ជាក់ថា កាំភ្លើងខ្លីដែលបាញសម្លាប់ជនរងគ្រោះមានទាហានម្នាក់យកមកបញ្ចាំខ្លួនក្នុងតម្លៃ១៥០ដុល្លារសហរដ្ឋអាមេរិក ហើយករណីឈានដល់បាញ់សម្លាប់ជនរងគ្រោះនេះក៏ព្រោះតែខ្លួនជំពាក់លុយជនរងគ្រោះច្រើនពេកមិនមានលទ្ធភាពសង ទើបសម្រេចចិត្ដបាញ់សម្លាប់ជនរងគ្រោះដើម្បីបំបិតមាត់និងបញ្ចប់បំណុល ។
មូលហេតុដែលនាំឲ្យខ្លួនជំពាក់លុយជនរងគ្រោះច្រើនដោយសារតែខ្លួនរងស៊ីមុខជំនួញនាំទូរស័ព្ទស្មាតហ្វូនពីប្រទេសកូរ៉េមកលក់នៅកម្ពុជា ហើយខាតចុងខាតដើមទើបជំពាក់លុយជនរងគ្រោះយ៉ាងដូច្នេះ ៕ ស្អាងជ័យ