ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន០២ករណីផ្សេងគ្នា។
សមត្ថកិច្ចបញ្ជាក់ថា ៖ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖
*ករណីទី១៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចទល់មុខព្រលានយន្ដហោះ លើផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ជួលលេខ ៥,១៣,១៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាង និងបន្តទៅឆែកឆេរ បន្ទប់ ជួល គ្មានលេខ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន ១១កញ្ចប់, ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។ ជនទាំង០៣នាក់ រួមមាន ៖ ១.ឈ្មោះ យ៉ា រ៉ូហ្សិត ភេទ ប្រុស អាយុ ៣៤ឆ្នាំ, ២.ឈ្មោះ សាយ វិបុល ភេទ ប្រុស អាយុ ២៧ឆ្នាំ, ៣.ហឿន រ៉ាវីន ហៅ ពៅ ភេទ ប្រុស អាយុ ៤២ឆ្នាំ។
*ករណីទី២៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានធ្វើការបង្ក្រាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុន ពិណ្ណារ័ត្ន ភេទប្រុស អាយុ ៣៨ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចផ្លូវលេខ៣០០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាចំនួន ០៧កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ ៕
ដោយ ៖ សិលា