ភ្នំពេញ ៖ បុរសដ៏កំសត់ម្នាក់បានឡើងដើមថ្កូវដើម្បីបេះផ្លែយកទៅលក់ ដោយមិនប្រយ័ត្នក៏បានជាន់ចំមែកងាប់បាក់ធ្លាក់ចុះមកក្រោមជាង២០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកជួយធ្វើចលនាបេះដូង និងទំនាក់ទំនងទៅខាងរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះកាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងវត្តប្រជុំសាគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ចឺម ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរដើរបេះត្រកួននិងផ្លែឈើផ្សេងៗយកទៅលក់ ដើម្បីបំពេញក្រពះ។ ដោយរាល់ថ្ងៃគ្មានបងប្អូននោះទេឪពុកម្ដាយបានស្លាប់ចោលតាំងពីយូរមកហើយ រាល់ថ្ងៃដើរអាស្រ័យដើរដេកតាមចិញ្ចើមផ្លូវឬនៅក្នុងវត្ត។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុបុរសរងគ្រោះខាងលើបានដើរមកឡើងដើមថ្កូវដ៏ធំមួយនៅក្នុងវត្តប្រជុំសាគរ ដើម្បីបេះយកផ្លែថ្កូវទៅលក់ឲ្យគេយកលុយទិញបាយចំណីហូបបំពេញក្រពះ ខណះពេលឡើងបេះផ្លែថ្កូវទើបតែបាន២ផ្លែប៉ុណ្ណោះក៏បានឈោងជើងទៅមែកម្ខាងទៀត តែមិនប្រយ័ត្នក៏ជាន់ចំមែកងាប់បានបាក់ធ្លាក់ចុះមកក្រោមជាង២០ម៉ែត្របណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ចំណែកដៃខាងស្ដាំបាក់ផងដែរ ទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែររបងវត្តប្រជុំសាគរ ចូលមកក្នុងវត្តជួយធ្វើចលនាបេះដូង និងលើកជនរងគ្រោះមកដាក់ម្ខាង និងទំនាក់ទំនងទៅខាងរថយន្តសង្គ្រោះបន្ទាន់រួមទាំងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះ ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម ក៏មានរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យបង្អែតចតុមុខ ចុះមកដឹកយកជនរងគ្រោះខាងលើទៅសង្រ្គោះអាយុជីវិតផងដែរ៕
ដោយ ៖ ភារ៉ា ដង្កោ