ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី “ពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០”

ចែករំលែក៖

ភ្នំពេញ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី “ពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០”​ (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ២០២៤)។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី ថ្លែងថា​ ចាប់ពីតាំងពីថ្ងៃបង្កើត រហូតមកទល់បច្ចុប្បន្ន កងពលតូចលេខ៧០ បានប្រឹងប្រែងព្យាយាម ជម្នះរាល់ឧបសគ្គ ក្នុងការបំពេញភារកិច្ច សម្រេចបានស្នាដៃជាច្រើន ក្នុងការកសាង និងពង្រឹងអង្គភាពរបស់ខ្លួន ឱ្យបានរៀបរយ និងរីកចម្រើនរឹងមាំជាលំដាប់ រួមចំណែក ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខ សុវត្ថិភាពជូនសង្គមជាតិ បានល្អប្រសើរ។

-សម្ដេចធិបតី ថ្លែងថា ចាប់ពីតាំងពីថ្ងៃបង្កើតរហូតមកទល់បច្ចុប្បន្ន កងពលតូចលេខ៧០ បានប្រឹងប្រែងព្យាយាម ជម្នះរាល់ឧបសគ្គក្នុងការបំពេញភារកិច្ច សម្រេចបានស្នាដៃជាច្រើនក្នុងការកសាង និងពង្រឹងអង្គភាពរបស់ខ្លួនឱ្យបានរៀបរយ និងរីកចម្រើនរឹងមាំជាលំដាប់ រួមចំណែកក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខ សុវត្ថិភាពជូនសង្គមជាតិបានល្អប្រសើរ។

-សម្ដេចធិបតី ថ្លែងថា​ កងពលតូចលេខ៧០ បានយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស កសាងហេដ្ឋារចនាសម្ព័ន្ធ សិក្សាតាមប្រព័ន្ធ បច្ចេកវិទ្យាទំនើប និងខិតខំពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ព្រមទាំងបានកសាងទីលានហ្វឹកហ្វឺនកម្រិតថ្នាក់ជាតិ បានចូលរួមការពាររាជធានីភ្នំពេញ ឱ្យមានសុខសុវត្ថិភាព និងបំពេញភារកិច្ចជាច្រើនទៀតទទួលបានលទ្ធផលគួរជាទីមោទនៈ។

-សម្ដេចធិបតី ថ្លែងថា​ សន្ដិភាព មានតម្លៃដូចគ្នា សម្រាប់មនុស្សគ្រប់វ័យ និងគ្រប់ជំនាន់ ពីព្រោះបើសិនជាយើងបាត់សន្ដិភាពនោះប្រទេសជាតិ នឹងមានគ្រោះថ្នាក់ធំ។

-សម្តេចធិបតី​ ថ្លែងថា​ គុណតម្លៃនៃសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាន នៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ»។

-សម្ដេចធិបតី ថ្លែង​ផ្ដាំទៅដល់ឪពុកម្ដាយនិស្សិត ដែលកំពុងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ទាំង២២០នាក់ សូមកុំមានការព្រួយបារម្ភ ខណៈបច្ចុប្បន្នពួកគេកំពុងឋិតនៅតំបន់សុវត្ថិភាព ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាប្រចាំចំពោះនិស្សិតខ្មែរនៅទីនោះជាប់ជាប្រចាំ។

-សម្ដេចធិបតី ថ្លែងថា​ ប្រវត្តិសាស្រ្ដរបស់កម្ពុជា បានបញ្ជាក់អំពីតួនាទីរបស់កងទ័ព ជាពិសេសក្នុងដំណាក់កាលសង្គ្រាម ក្នុងនោះបើគ្មានកងទ័ពក៏គ្មានការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ ហើយបើគ្មានកងទ័ពក៏មិនអាចបញ្ចប់សង្គ្រាមបានដែរ ដូច្នេះកងទ័ពបានដើរតួនាទីសំខាន់ណាស់ ក្នុងការរក្សាសន្ដិភាព និងនិរន្តរភាពជាតិ។

-សម្ដេចធិបតី​ សម្រេចកែសម្រួលសមាសភាពគណៈកម្មាធិការជាតិបញ្ជូនកងកម្លាំងរក្សាសន្តិភាព ដោយប្រគល់ភារកិច្ចជូនប្រមុខក្រសួងការពារជាតិ ទទួលដឹកនាំ ខណៈបច្ចុប្បន្នគណៈកម្មាធិការនេះ ដឹកនាំដោយប្រមុខក្រសួងការបរទេស។

-សម្ដេចធិបតី ថ្លែង​អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ និងជំរុញការហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរ ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍមរតកដូនតា។

-សម្ដេចធិបតី ថ្លែង​ណែនាំដល់រដ្ឋមន្រ្ដីក្រសួងការពារជាតិ ត្រូវគិតគូរឱ្យបានសព្វគ្រប់ចំពោះសុខទុក្ខរបស់បងប្អូនកងទ័ព ជាពិសេសគិតគូរលើសម្ភារប្រើប្រាស់ ការហូបចុក និងប្រាក់បៀវត្សរបស់កងទ័ព។

-សម្ដេចធិបតី​ ណែនាំ​ឱ្យក្រសួងការពារជាតិ ពិនិត្យឡើងវិញពាក់ព័ន្ធនឹងលក្ខន្តិកៈនៃក្របខណ្ឌកងយោធពលខេមរភូមិន្ទ ដោយគប្បីផ្ដល់អាទិភាពដល់យោធិនជំនាញក្របខណ្ឌយូរឆ្នាំរក្សាទុកបន្ត ខណៈការជ្រើសរើសយោធិនថ្មី ត្រូវបានកាត់បន្ថយ សំដៅឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងវិស័យការពារជាតិ។

-សម្ដេចធិបតី ថ្លែងថា​ ស្មារតីជាតិនិយមដែលជ្រុលនិយម គឺជាគ្រោះថ្នាក់ ជាពិសេសការប្រមូលផ្ដុំគ្នាប្រឆាំងរដ្ឋអំណាច ប្រឆាំងរដ្ឋាភិបាល ដែលនេះ ជាអំពើជ្រុលនិយម ដែលឈានទៅដល់ការដុតប្រទេស បង្កើតអស្ថិរភាពជាតិ ដូចជាករណីថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ កន្លងទៅ បើសិនជាមិនអាចបង្ក្រាបទាន់ពេលស្ថានភាពនោះ អាចឈានទៅដល់ការបង្កអស្ថិរភាពជាតិឡើងបាន។

-សម្ដេចធិបតី ថ្លែងថា​ មកដល់ម៉ោងនេះ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្ដិភាពជាង ១ ម៉ឺននាក់ ទៅចូលរួមក្នុងបេសកកម្មរក្សាសន្ដិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)។

-សម្ដេចធិបតី ថ្លែងណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងការពារជាតិ តាមដានស្ថានការណ៍ឱ្យជាប់ចំពោះសង្គ្រាមនៅប្រទេសលីបង់ ខណៈកងទ័ពមួកខៀវរបស់កម្ពុជា ក៏កំពុងមានវត្តមាននៅទីនោះផងដែរ។

-សម្ដេចធិបតី ថ្លែងអំណរគុណចំពោះកងកម្លាំងកងទ័ពទាំងអស់ដែលមានស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។ សម្ដេចធិបតី​ អំពាវនាវដល់កងទ័ពទាំងអស់ សូមបន្តស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ជាបន្តទៅទៀត។

-សម្ដេចធិបតី ថ្លែងថា​ រដ្ឋាភិបាលបានសម្រេចផ្ទេរការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាអ្នកទទួលខុសត្រូវដឹកនាំលើការសម្របសម្រួលបញ្ជូនកងកម្លាំងកម្ពុជា ទៅចូលរួមរក្សាសន្តិភាពនៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិវិញ។ 

-សម្ដេចធិបតី​ ថ្លែង​បន្ថែមថា ការងារនេះត្រូវមានរដ្ឋលេខាធិការ មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចូលរួមសហការ ដើម្បីឱ្យការងារនេះដំណើរការទៅដោយរលូនដូចមុន។

-សម្តេចធិបតី ថ្លែងថា សន្តិភាព ប្រៀបដូចជាខ្យល់ ដែលមើលមិនឃើញ ក៏ប៉ុន្តែមានតម្លៃមិនអាចឥណនាបាន។

-សម្ដេចធិបតី ថ្លែងថា​ សន្ដិភាពមានតម្លៃដូចគ្នាសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់ជំនាន់ ពីព្រោះបើសិនជាយើងបាត់សន្ដិភាពនោះប្រទេសជាតិ នឹងមានគ្រោះថ្នាក់ធំ។

-សម្តេចធិបតី ថ្លែង​ថា សម្ដេច បានសម្រេចផ្អាកការបញ្ជូននិស្សិតរបស់កម្ពុជា ទៅតំបន់ប្រយុទ្ធនៅក្នុងតំបន់ហ្សាសា ដែលកំពុងប្រឈមនឹងការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

-សម្ដេចធិបតី ទទូចឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមគ្នាជាធ្លុងមួយ ដើម្បីបន្តថែរក្សា ការពារសុខសន្តិភាព ដែលថ្នាក់ដឹកនាំជំនាន់មុនបានរកមកដោយលំបាក។

-សម្ដេចធិបតី​ ថ្លែង​ថា​ មហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា គឺការពារដាច់ខាតការបង្កាត់ភ្លើងសង្គ្រាម ដែលនាំឱ្យប្រទេសជាតិខ្ទេចខ្ទាំ។

-សម្ដេចធិបតី បញ្ជាឱ្យកងទ័ព និងកងកម្លាំង​ទាំងអស់ យកចិត្តទុដាក់លើការប្រយុទ្ធប្រឆាំងការកាប់បំផ្លាញធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។

-សម្ដេចធិបតី​ បញ្ជាឱ្យស្រាវជ្រាវឱ្យច្បាស់ពាក់ព័ន្ធនឹងករណីអ្នកទោសនៅ ម១ ប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ឃុំឃាំង ក្រោយមានការបែកធ្លាយវិដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ 

-សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងមហាផ្ទៃ បន្តពង្រឹងការគ្រប់គ្រងលើមណ្ឌលអប់រំកែប្រែ ម១ ឱ្យបានតឹងរឹងផងដែរ។

-សម្ដេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋ កុំទៅចូលរួមកាប់ទន្រ្ទានព្រៃឈើដោយខុសច្បាប់ រដ្ឋាភិបាលនឹងផ្ដល់ដីជូនដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ។ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានព្រមានថា អ្នកដែលក្លែងឯកសារកាត់ឆ្វៀលដី នឹងត្រូវប្រឈមជាមួយផ្លូវច្បាប់។

-សម្ដេចធិបតី ណែនាំប្រាប់ឱ្យក្រសួងការពារជាតិ គ្រប់គ្រងឱ្យបាននូវស្លាកលេខ «ខេមរភូមិន្ទ»ដែលក្នុងនោះមានតែនាយទាហានជាន់ខ្ពស់ មានសិទ្ធិប្រើប្រាស់ស្លាកលេខនេះ៕

ដោយ​៖ តារា​


ចែករំលែក៖