ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព នៅថ្នាក់ក្រោមជាតិ ក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ម្សិលមុិញ នៅសាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ ក្នុងខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាង លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានអញ្ជើញចូលរួមដោយ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង, សមាជិកក្រុមប្រឹក្សាខេត្ត, កងកម្លាំងទាំងបីភេទ, អភិបាលក្រុង ស្រុក, ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត មេឃុំ ចៅសង្កាត់ សរុបអ្នកចូលរួម ចំនួន ៥៦៩នាក់។

លោក សុខ លូ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងក្នុងនាមជាអាជ្ញាធរ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើការគាំទ្រពេញទំហឹងចំពោះការដាក់ចេញផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ និងសូមប្តេជ្ញាចូលរួមអនុវត្តឱ្យទទួលបានជោគជ័យ ដើម្បីពង្រឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងរដ្ឋបាលដែនដីឱ្យកាន់តែមានប្រសិទ្ធភាព ហើយជឿជាក់យ៉ាងមុតមាំថា ផ្លែផ្កាជោគជ័យ នៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋរបស់យើងរស់នៅប្រកបដោយសេចក្តីសុខ និងមានជីវភាពរស់នៅកាន់តែប្រសើរ មានលទ្ធភាពកាន់តែងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈទាំងសេវារដ្ឋបាល និងសេវាសន្តិសុខ ប្រកបដោយទំនុកចិត្ត ការជឿជាក់ ឆាប់រហ័ស ទំនើប និងប្រកបដោយប្រសិទ្ធភាព ធានាបាននូវការអភិវឌ្ឍខេត្តលើគ្រប់វិស័យ បរិយាប័ន្ន និងបច្ចេកវិទ្យា ឌីជីថល់។

ក្នុងឱកាសនោះដែរ លោកសន្តិបណ្ឌិត សុខ ផល បានថ្លែងថា គោលបំណងក្នុងកិច្ចប្រជុំនេះ ដើម្បីពិនិត្យវឌ្ឍនៈភាព នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨។ លោកសន្តិបណ្ឌិត បន្ដថា  ក្រសួង បានចុះមកត្រួតពិនិត្យវាយតម្លៃ នៃការប្រលងប្រណាំងរបស់សមត្ថកិច្ចមូលដ្ឋាន ដែលបានអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាពកន្លងមក បានឃើញថា លទ្ធផលល្អប្រសើ និងចំណុចខ្វះខាត ត្រូវខិតខំបន្តធ្វើឲ្យល្អបន្ថែមទៀតក្នុងឆ្នាំ២០២៥ ខាងមុខបន្តទៀត។

លោកសន្តិបណ្ឌិត បន្តថា ដោយសារ អាធរមូលដ្ឋានយើងអនុវត្តបានល្អនេះហើយ ទើបយើងទទួលបាននូវជ័យជម្នះគ្រប់បែបយ៉ាង ទាំងសុខសុវត្តិភាពសន្តិសុខ នយោបាយ មានភាពស្ងប់ស្ងាត់ល្អប្រសើនៅតាមូលដ្ឋាន។ ក្នុងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ មានអាទិភាពលើចំណុចទាំង៥ គឺ ធនធានមនុស្ស, ទឹក, ភ្លើង, ផ្លូវ, បច្ចេកវិទ្យា ឌីជីថល។

សូមបញ្ជាក់ថា ចំណាត់ថ្នាក់ក្នុងចំណោម ១០៣ឃុំ សង្កាត់ ទូទាំងខេត្តបាត់ដំបង ឃុំ សង្កាត់ទទួលបានចំណាត់ថ្នាក់លេខ១ មានចំនួន ៦៨ឃុំ សង្កាត់ ចំណាត់ថ្នាក់លេខ២ មានចំនួន៣៤ឃុំ សង្កាត់ និងចំណាត់ថ្នាក់លេខ៣ មានចំនួន១ឃុំ។

លក្ខណសម្បត្តិរបស់ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រួមមាន ៖ 

១- ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដៅយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ។

២-គ្មានបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ។

៣-មានសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍,។

 ៤-គ្មានអំពោះអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ,។

៦- មានអនាម័យ មានសោភ័ណភាពល្អ ។និង៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជម្ងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព ៕

ដោយ ៖ សិលា


ចែករំលែក៖