ខេត្តតាកែវ ៖ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តតាកែវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១២ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៤) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារមាត់បឹងទីរួមខេត្តតាកែវ ។
អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានថ្លែងឱ្យដឹងថា ការរៀបចំពិធីបង្សកូល និងគោរពវិញ្ញាណក្ខ័ននេះឡើងដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ ដែលពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជារាស្ត្រខ្មែរចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន សម្រាប់ប្រទេសជាតិនិងប្រជារាស្រ្តរបស់ព្រះអង្គ ដែលក្នុងការទាមទាមបានឯករាជ្យទាំងស្រុង ពីអាណានិគមន៍និយមបារាំងនិងការទាមទារនូវប្រាសាទព្រះវិហារខ្មែរមកវិញ ពីប្រទេសសៀមព្រមទាំង ការបង្រួបបង្រួមផ្សះផ្សាជាតិ និងបានកសាងសមិទ្ធផលធំៗជាច្រើនទៀត។
លោក អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា គំរូវីរៈភាពរបស់ព្រះមហាវិរៈក្សត្រនឹងធ្វើឱ្យយើងជាប្រជារាស្រ្ត ចងចាំជានិច្ចហើយនិងយកគម្រូតាម ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យឡើងថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជានុរាស្រ្ត មានជីវភាពកាន់តែល្អប្រសើរឡើង ៕
ដោយ ៖ សិលា