ខេត្តកំពង់ចាម៖ មន្ត្រីសាខា ក.ប.ប. សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកំពង់ចាម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរតំណាងផ្សារ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ បានចុះធ្វើការត្រួតពិនិត្យ ផ្សព្វផ្សាយ និងណែនាំអាជីវករពីសុវត្ថិភាពម្ហូបអាហារ ជូនដល់អាជីវករ នៅតាមផ្សារ និងផ្ទះលក់ទំនិញ។
ប្រភពដដែលបន្តថា ជាក់ស្ដែងក្នុងប្រតិបត្តិការនោះទទួលបានលទ្ធផល ដូចខាងក្រោម៖
– បានធ្វើការផ្សព្វផ្សាយអំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីគុណភាព សុវត្ថិភាពផលិតផល និងសេវា និងបានអញ្ជើញអាជីវករមកទទួលការផ្សព្វផ្សាយពីសារធាតុគីមីហាមឃាត់ ដែលប្រើប្រាស់ក្នុងម្ហូបអាហារ។
– បានធ្វើតេស្តិ៍បឋមលើផលិតផលម្ហូបអាហារចំនួន១៤មុខ ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់នោះទេ។
– បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន សៀងដប និង មី សរុបចំនួន ១៥.៦គីឡូក្រាម ត្រូវបានដកហូត ដេីម្បីទុកដុតកម្ទេចចោលនាពេលក្រោយ។
គួរបញ្ជាក់ថា មន្រ្តីជំនាញនៅតាមបណ្ដារាជធានី ខេត្ត កន្លងទៅធ្លាប់តែងតែអញ្ជើញអាជីវករ ដែលប្រកបអាជីវកម្ម ស្តុកទុក លក់ និងចែកចាយ ផលិតផលនានា មកធ្វើការស្តាប់នូវបទបង្ហាញពីមន្ត្រីជំនាញ ក.ប.ប. អំពីខ្លឹមសារប្រកាសស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន លេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម និងគោលការណ៍ណែនាំសុវត្ថិភាពម្ហូបអាហារនៅតាមអាហារដ្ឋានចល័តឬស្តង់លក់អាហារ។
សូមបញ្ជាក់ថា ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន សំដៅដល់សារធាតុគីមី ឬផលិតផលគីមីដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ជាសារធាតុជំនួសសម្រាប់គោលបំណងផ្សេងៗនៃជីវភាពរស់នៅធម្មតា មានដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាងប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត។
គោលបំណងនៃការធ្វើបទបង្ហាញជូនបងប្អូនអាជីវករទាំងនេះ គឺដើម្បីអប់រំណែនាំ បញ្រ្ជៀបការយល់ដឹង ធានាឱ្យបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នកទទួលទាន សូមសហការ ផ្តល់ព័ត៌មានឬដាក់ពាក្យបណ្តឹង តាមប្រព័ន្ធទូរសព្ទសាធារណៈ (Call Center) លេខ 1266 របស់ក្រសួងពាណិជ្ជកម្ម (ឥតគិតថ្លៃ) ឬតាមរយៈ CCF Complain App ឬមកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕
ដោយ៖ តារា