ប្រទេសកាណាដាកាលពីថ្ងៃទី 14 ខែតុលាបានបណ្តេញអ្នកការទូតឥណ្ឌាចំនួន 6 នាក់ដោយហេតុផលទាក់ទងនឹងសកម្មភាពដែលគំរាមកំហែងដល់សុវត្ថិភាពសាធារណៈខណៈដែលទីក្រុងញូវដែលីក៏បានឆ្លើយតបដូចគ្នាដែរ។
ក្នុងចំណោមមន្ត្រីការទូតឥណ្ឌា ៦ រូបបានបណ្តេញចេញ ក្នុងនោះរួមមានទាំងឧត្តមស្នងការម្នាក់ ដោយចោទប្រកាន់អ្នកទាំងនេះថាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំ Sikh ម្នាក់ ព្រមទាំងគម្រោងកំណត់គោលដៅលើសកម្មជនប្រឆាំងឥណ្ឌានៅក្នុងប្រទេសកាណាដា។
ឆ្លើយតបទៅនឹងចំណាត់ការរបស់កាណាដា ឥណ្ឌាក៏បានបង្គាប់ឱ្យមន្ត្រីការទូតជាន់ខ្ពស់៦រូបរបស់កាណាដា ក្នុងនោះរួមមានឧត្តមស្នងការស្ដីទីម្នាក់ ចាកចេញពីប្រទេសរបស់ខ្លួនផងដែរ។ ទំនាក់ទំនងការទូតរវាងកាណាដានិងឥណ្ឌា បានស្គាល់ភាពតានតឹងតាំងតែពីឆ្នាំមុនមកម្ល៉េះ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានអះអាងថា រដ្ឋាភិបាលរបស់លោកមានភស្តុតាងអាចបញ្ជាក់ថាទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាបានសម្លាប់មេដឹកនាំ Sikh លោក Hardeep Singh Nijjar នៅលើទឹកដីកាណាដា។ ប៉ុន្តែឥណ្ឌា បានច្រានចោលការចោទប្រកាន់នេះ។
កាណាដា កាលពីខែតុលា ឆ្នាំ២០២៣ បានដកមន្ត្រីទូតរបស់ខ្លួនជាង ៤០នាក់ ចេញពីប្រទេសឥណ្ឌា បន្ទាប់ពីទីក្រុងញូវដេលី ស្នើឱ្យទីក្រុងអូតាវ៉ាកាត់បន្ថយចំនួនបុគ្គលិកទូត។ កាណាដា គឺជាប្រទេសមួយដែលមានជនជាតិ Sikh រស់នៅច្រើនជាងគេ ក្រៅពីរដ្ឋ Punjab របស់ឥណ្ឌា។ តែរដ្ឋាភិបាលឥណ្ឌាបានចាត់ទុកមេដឹកនាំជនជាតិ ភាគតិច Sikh ជាជនផ្ដាច់ខ្លួន ខណៈឥណ្ឌារងការចោទប្រកាន់ថាបានរៀបចំផែនការតាមប្រមាញ់មេដឹកនាំ Sikh នៅឯបរទេស៕ ដោយ៖ ធីរីណា
រូបថត៖ AP