ព័ត៌មានទាន់ហេតុការណ៍៖

ប្រញាប់ទៅបុណ្យសពលោកយាយ បើករថយន្ដបុកបង្គោលថ្មស្លាកសញ្ញាផ្លូវដួលកល់ជាប់ពីក្រោមរថយន្ដរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ប្រញាប់ទៅបុណ្យសពលោកយាយ បើករថយន្ដព្រុសជ្រុលទៅបុកបង្គោលថ្មស្លាកសញ្ញាបង្ហាញផ្លូវបណ្ដាលឱ្យដួលរលំកល់ជាប់ពីក្រោមរថយន្ដរងការខូចខាត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង០០នាទីព្រឹក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចភ្លើងស្តុប កា្ដន់២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។ 

​    យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រចាំការគោលដៅស្ដុបក្ដាន់២ បានប្រាប់ថា​ មុនពេលកើតហេតុគេឃើញរថយន្ដតូយ៉ូតាព្រុស ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BR-7828 បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើតដោយលឿនលឿន ហើយខណៈពេលមកដល់ចំណុចភ្លើងស្ដុបក្ដាន់២ ក៏បានបួងចង្កូតរថយន្ដឡើងទៅផ្លូវបឹងកក់ តែមិនប្រយ័ត្នក៏រេចង្កូតទៅបុកបង្គោលថ្មស្លាកសញ្ញាបង្ហាញផ្លូវបណ្ដាលឱ្យដួលរលំកល់ជាប់ពីក្រោមរថយន្ដរងការខូចខាត។ ដោយឡែកក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះទេ ។

​    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានរួមទាំងសន្តិសុខមូលដ្ឋានបឹងកក់បានចុះមកដល់ទីតាំងកើតហេតុ ហើយបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តស្ទួចមកអូសរថយន្ដបង្កចេញពីកន្លែងកើតហេតុ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖