ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ធំ ធ្វើឱ្យពិធីប្រណាំងទូក ក្លាយជាព្រឹត្តិការណ៍អស្ចារ្យមែន ! ម៉ូតូហោះលើអាកាស (Paramotor) ១០គ្រឿង ហោះឆ្វាត់ឆ្វៀលលើដងស្ទឹងសែន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ អស្ចារ្យប្លែកភ្នែក! ម៉ូតូហោះលើអាកាស (Paramotor) ១០គ្រឿង ហោះឆ្វាត់ឆ្វៀលលើដងស្ទឹងសែន ក្នុងពិធីប្រណាំងទូក ធ្វើឱ្យកីឡាករប្រណាំងទូក បងប្អូនជនរួមជាតិ សប្បាយរំភើបចំពោះព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក ! 

សូមបញ្ជាក់ថា ៖ ក្នុងពិធីប្រណាំងទូក នាខេត្តកំពង់ធំ មានការបង្ហាញម៉ូតូហោះលើអាកាសចំនួន ១០គ្រឿង ដើម្បីចូលរួមអបអរពិធីប្រណាំងទូក ថ្នាក់ខេត្ត។ 

សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំ ការប្រណាំងរៀបចំរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ តុលា នៅតាមដងស្ទឹងសែន ក្រុងស្ទឹងសែន។ ក្នុងពិធីប្រណាំងទូកនេះ មានទូកចូលរួម ចំនួន ៦៦ទូក រួមមាន ទូកផ្កាចារ ១៦ទូក, ទូកធំខ្នាតអន្តរជាតិ៤១ទូក និងទូក-ង មាន ៩ទូក ។

អភិបាលខេត្តកំពង់ធំ ណែនាំកីឡាករអុំទូកទាំងអស់ ត្រូវចាត់ទុកថា ពិធីបុណ្យអុំទូកនេះ មិនមែនជាការចង់ឈ្នះ ចង់ចាញ់នោះទេ តែជាការចូលរួមថែរក្សាវប្បធម៌ឲ្យគង់វង្ស ។ 

ក្នុងពិធីបើកការប្រណាំងទូកនៅខេត្តកំពង់ធំ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងថា ពិធីបុណ្យអុំទូកនៅក្នុងខេត្តកំពង់ធំ គឺធ្វើឡើងដើម្បីស្វែងរកទូកដែលមានល្បឿនលឿនឈានទៅធ្វើការប្រណាំង នៅថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅថ្ងៃទី ១៤ដល់ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រី លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោក ឃឹង នុភាព តំណាងរាស្រ្តមណ្ឌលកំពង់ធំ  ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីក្រោមឱវាទ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ 

លោក បន្តថា ក្នុងរយៈពេលពីរថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំការប្រណាំទូកនៅពេលថ្ងៃ និងពេលរាត្រី មានកម្មវិធីប្រគំតន្រ្តី បណ្តែតប្រទីប បាញ់កាំជ្រូច បង្ហោះគោម ព្រមទាំងរៀបចំស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីបុណ្យអុំទូកនេះ។ ដើម្បីបង្កលក្ខណៈឲ្យកាន់តែសប្បាយរីករាយ និងរក្សាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលមកទស្សនា លោក បានរៀបចំកងកម្លាំងក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីសម្រួលទិសដៅចរាចរណ៍ ជាពិសេសបានការរៀបចំតាំងល្អ ភ្លើងព័ណ៍ចម្រុះនៅលើស្ពាន តាមទីធ្លាកំសាន្ត បន្ថែមទៀត។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយរីករាយ និងចូលរួមថែរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានឲ្យបានល្អប្រសើរ។

ទន្ទឹមនឹងនោះ លោក នួន ផារ័ត្ន ក៏បានណែនាំដល់បងប្អូនកីឡាករអុំទូកទាំងអស់ ត្រូវចាត់ទុកថា ពិធីបុណ្យប្រណាំងទូកនេះ មិនមែនជាការចង់ឈ្នះ ចង់ចាញ់ យករង្វាន់អ្វីនោះទេ តែជាការចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិដ៏ល្អរបស់យើងឲ្យគង់វង្ស ស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ និងសូមសំណូមពរដល់កីឡាករ កីឡាការិនីចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស ក្នុងន័យប្រគួត ដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ ថែរក្សាបាននូវប្រពៃណីដ៏ល្អផូផង់របស់ជាតិយើង ព្រមទាំងសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្តកំពង់ធំ ក្នុងការរៀបចំពិធីនេះឡើងប្រកបទៅដោយភាពរលូន និងសប្បាយរីករាយ។

សូមបញ្ជាក់ថា ឆ្នាំនេះមានទូកចូលរួមប្រឡងប្រណាំងសរុបចំនួន ៦៦ទូក ដែលមានកីឡាករសរុបចំនួន ២,០៨០នាក់ ក្នុងនោះចំណុះអុំ ១,៧០៧នាក់ កម្លាំងបំរ៉ុង ៣៧៣នាក់ ទូកខ្នាតវែង មានចំនួន ០៩ទូក ទូកខ្នាតអន្តរជាតិ ចំនួន ៤១ទូក និងទូកផ្កាចារ ចំនួន ១៦ទូក៕

ដោយ ៖ សិលា


ចែករំលែក៖