ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីសាកល្បងការត្រៀមប្រយុទ្ធរបស់អង្គភាពកាំជ្រួចនុយក្លេអ៊ែររបស់ខ្លួន

ចែករំលែក៖

រុស្ស៊ីកំពុងសាកល្បងការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាពដែលបំពាក់ដោយកាំជ្រួចមីស៊ីលឆ្លងទ្វីប Yars និងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងតំបន់មួយ ភាគពាយព្យនៃទីក្រុងមូស្គូ។
កាលពីថ្ងៃទី 18 ខែតុលា ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ដែលបាននិយាយថា អង្គភាពកាំជ្រួចនុយក្លេអ៊ែរនៅក្នុងតំបន់ Tver នឹងអនុវត្តការផ្លាស់ទីកាំជ្រួច Yars រហូតដល់ 100 គីឡូម៉ែត្រក្នុងទីវាល ក្រោមការក្លែងបន្លំ ក្នុងពេលជាមួយគ្នា ការពារពួកគេពីការវាយប្រហារតាមអាកាស និងក្រុមបំផ្លិចបំផ្លាញសត្រូវ។
កន្លងមករុស្ស៊ីបានធ្វើសមយុទ្ធចំនួនពីរដែលពាក់ព័ន្ធនឹងអង្គភាពមីស៊ីល Yars ក្នុងខែកក្កដា ប្រទេសនេះក៏បានធ្វើសមយុទ្ធចំនួនបីនៅឆ្នាំនេះផងដែរ ដើម្បីសាកល្បងការត្រៀមលក្ខណៈសម្រាប់ការបាញ់បង្ហោះកាំជ្រួចនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលមានរយៈចម្ងាយខ្លី និងទាបជាងមីស៊ីលយុទ្ធសាស្ត្រអន្តរទ្វីប។
កាំជ្រួច Yars ដែលអាចដាក់ពង្រាយនៅក្នុងស៊ីឡូ ឬបំពាក់លើឧបករណ៍បាញ់ចល័ត មានចម្ងាយដល់ទៅ ១១.០០០ គីឡូម៉ែត្រ និងអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើន។
នៅឆ្នាំនេះ រុស្ស៊ីបានធ្វើសមយុទ្ធនុយក្លេអ៊ែរជាបន្តបន្ទាប់ ដែលអ្នកវិភាគសន្តិសុខនិយាយថា ជាវិធានការមួយដើម្បីរារាំងលោកខាងលិចមិនឱ្យធ្វើអន្តរាគមន៍បន្ថែមទៀតនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ចំណាត់ការចុងក្រោយនេះកើតឡើងនៅសប្តាហ៍ដដែល NATO ធ្វើសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន ហើយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ប្រកាស “ផែនការជ័យជម្នះ” របស់គាត់៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖