ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ី ជីនពីង បានស្នើឱ្យកងទ័ពហ្វឹកហ្វឺននិងត្រៀមខ្លួនសម្រាប់ស្ថានភាពនៃសង្រ្គាម

ចែករំលែក៖

យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើសំណើទៅទស្សនាកងពលតូចនៃកងកម្លាំងរ៉ុក្កែតរបស់កងទ័ពចិនកាលពីថ្ងៃទី 17 ខែតុលា។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Xi Jinping បានសង្កត់ធ្ងន់ថា យោធាចិនចាំបាច់ត្រូវ “ពង្រឹងការហ្វឹកហ្វឺននិងត្រៀមលក្ខណៈសម្រាប់សង្គ្រាមឱ្យបានគ្រប់ជ្រុងជ្រោយ ដោយធានាថា កងទ័ពមានសមត្ថភាពប្រយុទ្ធរឹងមាំ”។ ទន្ទឹមនឹងនោះ ទាហានត្រូវ “ពង្រឹងការរារាំងជាយុទ្ធសាស្ត្រ និងសមត្ថភាពប្រយុទ្ធ”។
កាលពីថ្ងៃទី 14 ខែតុលា ទីក្រុងប៉េកាំងបានដាក់ពង្រាយយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក នាវាចម្បាំង និងនាវាឆ្មាំឆ្នេរសមុទ្រ ដើម្បីឡោមព័ទ្ធកោះតៃវ៉ាន់។ សកម្មភាពទាំងនេះគឺជាផ្នែកមួយនៃសមយុទ្ធយោធាទ្រង់ទ្រាយធំលើកទីបួនរបស់ចិននៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេលត្រឹមតែពីរឆ្នាំចុងក្រោយនេះ។
សមយុទ្ធនេះបានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់មេដឹកនាំតៃវ៉ាន់ នាពេលថ្មីៗនេះបានប្រកាសប្រឆាំងនឹង “ការបញ្ចូលឬការទន្ទ្រាន” និងនិយាយថាទីក្រុងប៉េកាំងមិនមានសិទ្ធិតំណាងឱ្យប្រជាជន 23 លាននាក់របស់កោះនោះទេ។
នាយកប្រតិបត្តិកម្មវិធីឥណ្ឌូប៉ាស៊ីហ្វិកនៃមូលនិធិ Marshall របស់អាល្លឺម៉ង់បាននិយាយថា “សមយុទ្ធនេះបង្ហាញដល់ប្រជាជនចិនថា រដ្ឋាភិបាលរបស់ប្រទេសនេះប្តេជ្ញាការពារទឹកដីរបស់ខ្លួន។ ពួកគេក៏មានគោលបំណងព្រមានក្រុងតៃប៉ិ និងវ៉ាស៊ីនតោនកុំឱ្យឆ្លងកាត់បន្ទាត់ក្រហមរបស់ទីក្រុងប៉េកាំង” ។ .
ទីភ្នាក់ងារការពារជាតិរបស់តៃវ៉ាន់បានថ្កោលទោសយ៉ាងខ្លាំងចំពោះ “សកម្មភាពមិនសមហេតុផល និងបង្កហេតុ” របស់ចិន ហើយបាននិយាយថា ខ្លួនបានប្រមូលកម្លាំងសមស្រប ដើម្បីឆ្លើយតប និងការពារសេរីភាព លទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាពនៃកោះនេះ។
ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ថា ខ្លួនមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងដើម្បីបង្រួបបង្រួមតៃវ៉ាន់ឡើយ ហើយបាននិយាយថា សមយុទ្ធនេះគឺជាការព្រមានប្រឆាំងនឹង “សកម្មភាពបំបែកខ្លួនដោយកងកម្លាំងស្វែងរកឯករាជ្យសម្រាប់តៃវ៉ាន់” ៕

ដោយ៖ ធីរីណា(រូប​ថត​៖ NDTV)


ចែករំលែក៖