ព័ត៌មានទាន់ហេតុការណ៍៖

ថ្លែងពីចិន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី ទៅកាន់ពិភពលោក

ចែករំលែក៖

ប្រទេសចិន ៖ លោករដ្ឋមន្ត្រី ហួត ហាក់ បាន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមព្រឹត្តិការណ៍បើក «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នាឱកាសព្រឹត្តការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival)។

នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនៅទីក្រុងតឹងហ្វឹង ក្នុងខេត្តហឺណាន នាឱកាសព្រឹត្តការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមកម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ដែលក្បាច់គុនល្បុក្កតោរបស់កម្ពុជា បានសម្តែងនៅមុខព្រះវិហារសៅលីញដ៏ល្បីល្បាញ។ 

នេះជាព្រឹត្តការណ៍ដ៏អស្ចារ្យ ប្រកបដោយមោទកភាពក្រៃលែង និងមិនធ្លាប់មានពីមុនមកដែលមានការសម្តែងក្បាច់គុនពីប្រទេសផ្សេង ធ្វើនៅមុខក្លោងទ្វារព្រះវិហារសៅលីញនោះទេ។ ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» កាលពីខែមេសា  ឆ្នាំ២០២៤ នាពេលកន្លងមក នៅលើទឹកដីសៀមរាប-អង្គរ រដ្ឋបាលខេត្តហឺណាន បានដឹកនាំអ្នកសម្តែង និងកីឡាករសៅលីញ ទៅសម្តែងរួមគ្នាជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ “When Shaolin Meets Bokator at Angkor” ។ នៅថ្ងៃនេះ កម្ពុជា បាននាំល្បុក្កតោ មកជួបសៅលីញ នៅវិហារសៅលីញ  ខេត្តហឺណាន ប្រទេសចិនវិញម្តង។

តាមរយៈព្រឹត្តិការណ៍អន្តរជាតិនេះដែលមានការចូលរួមពី៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ១២០០នាក់ និងសិស្ស គ្រូ     សម្តែងក្បាច់គុន មានចំនួនប្រមាណ ៣ ម៉ឺននាក់ ដូច្នេះ លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក៕

ប្រភព ៖ «CCFR China state-controlled media »


ចែករំលែក៖