ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានគណៈប្រតិភូអាយប៉ា អញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតលើកទី៤៥

ចែករំលែក៖

ប្រទេសឡាវ ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងវៀងច័ន្ទន៍។

កិច្ចប្រជុំពេញអង្គលើកទី២ បានស្តាប់របាយការណ៍លទ្ធផលការងារដែលគណៈកម្មាធិការនានារបស់អាយប៉ាលើកទី៤៥ បានប្រជុំពិភាក្សាគ្នាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣៧ ក៏ដូចជាការពិនិត្យលទ្ធផលការងាររបស់អាយប៉ាយបានធ្វើកន្លងមក និងទិសដៅអាយប៉ានាពេលអនាគត។ 

លោក សាយសំភូន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ។ 

តាមរបាយការណ៍ជូនអង្គប្រជុំ បានឱ្យដឹងថា គណៈកម្មាធិការនយោបាយបានពិភាក្សា អនុម័តសេចក្ដីសម្រេចចំនួន៤។ គណៈកម្មាធិការសេដ្ឋកិច្ច បានពិភាក្សាអនុម័តសេចក្ដីសម្រេចចំនួន៨។ គណៈកម្មាធិការសង្គមកិច្ច បានពិភាក្សា និងអនុម័តសេចក្ដីសម្រេចចំនួន ៥។ គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា បានពិភាក្សា និងអនុម័តសេចក្ដីសម្រេចចំនួន២។ គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា បានពិភាក្សា និងអនុម័តសេចក្ដីសម្រេចចំនួន៣។ គណៈកម្មាធិការរៀបចំ បានពិភាក្សា និងអនុម័តសេចក្ដីសម្រេចចំនួន ១៥។ 

សូមជម្រាបថា នៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចទាំង៣៧ ដែលបានអនុម័តនាពេលនេះ មានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ ដែលសភាកម្ពុជាបានធ្វើជាសហគាំទ្រ។ នៅក្នុងនោះ សេចក្តីព្រាងសេចក្តីសម្រេចមួយ នៅក្នុងគណៈកម្មាធិការស្រ្តីអាយប៉ា សេចក្តីព្រាងសេចក្តីសម្រេចមួយនៅក្នុងគណៈកម្មាធិការសង្គមកិច្ច និងសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥នៅក្នុងគណៈកម្មាធិការនយោបាយ។

នៅក្នុងកិច្ចពិភាក្សាការងាររវាងសភាសង្កេតការណ៍អាយប៉ា និងអាយប៉ា ក្រោមប្រធានបទស្ដីពី “កិច្ចសហប្រតិបត្តិការរបស់សភាដើម្បីឈានឆ្ពោះទៅរកសមាហរណកម្ម និងកំណើនប្រកបដោយបរិយាបន្ន” អាយប៉ាបានជួបសន្ទនាជាមួយសភាសង្កេតការណ៍ចំនួន១៥ប្រទេស។

ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ អាយប៉ាបានរៀបចំមហាសន្និបាតប្រចាំឆ្នាំជាទៀងទាត់ ដើម្បីពង្រឹងវិស័យការទូតសភាក្នុងការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុងការគាំទ្រ និងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ានដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់ និងអន្តរជាតិ។ 

ជាការកត់សម្គាល់នៅក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ ចាប់ពីថ្ងៃទី១៧ ខែតុលា មកដល់ថ្ងៃនេះ គណៈប្រតិភូសភាកម្ពុជា បានចូលរួមវេទិកា និងកិច្ចប្រជុំពាក់ព័ន្ធទាំងអស់នៃមហាសន្និបាត។ នៅក្នុងនោះ សម្តេចប្រធានរដ្ឋសភា ក៏បានឆ្លៀតឱកាសនេះ ជួបពិភាក្សាការងារជាមួយបណ្តាគណៈប្រតិភូប្រទេសជាមិត្តមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងនោះក៏បាននាំយកមកនូវផលប្រយោជន៍ជូនប្រទេសជាតិ ទាំងការងាររដ្ឋសភា វិស័យសង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ ទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជាន។

មុនបញ្ចប់កិច្ចប្រជុំ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជារួមជាមួយប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា បានអញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតអាយប៉ាលើកទី៤៥ ប្រកបដោយផ្លែផ្លា និងអត្ថន័យ នៅក្នុងការលើកកម្ពស់ការទូតសភា ពង្រឹងកិច្ចសហប្រតិបត្តិការអាយប៉ា និងអាស៊ាន ដើម្បីសម្រេចចក្ខុវិស័យអាស៊ាន ដោយយកប្រជាពលរដ្ឋជាស្នូល ៕

ដោយ ៖ សិលា


ចែករំលែក៖