ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងនាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី.ខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន១៤ ករណី មានជនសង្ស័យ ចំនួន ១០៣នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៧៩ នាក់ ដែលពាក់ព័ន្ធ នឹងបទ ” ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ធ្វើឱ្យខូចខាត ដោយចេតនា, លួចមានស្ថាន ទម្ងន់ទោស និងបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត”។
បន្ថែមទៀតនោះអ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រម ទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការ អនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិព្រមទាំង ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ លោក ជិន ម៉ាលីន បានលើកឡើងថា ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់ កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់ សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេស ជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាព ទាំងឡាយណាដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕
ដោយ ៖ រ៉ារ៉ា