ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្ដិបណ្ឌិត ស សុខា អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហោះសារអបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤)។

សាររបស់ លោកអភិសន្ដិបណ្ឌិត ស សុខា មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖

មរតកសមិទ្ធផល នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លា នៃព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ និងការអភិវឌ្ឍគ្រប់វិស័យ។

ក្នុងនាមពលរដ្ឋខ្មែរមួយរូប ចងចាំជានិច្ចចំពោះគុណូបការៈដ៏ឧដុង្គឧត្តម នៃព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមហារដ្ឋបុរស បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួមនិងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយ ក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិ។

ជាមួយគ្នានេះដែរ ក្នុងនាមថ្នាក់ដឹកនាំបន្តវេនមួយរូប ខ្ញុំសូមប្រឆាំងដាច់ខាតចំពោះបុគ្គលទាំងឡាយណា មានបំណងបំផ្លាញសន្តិភាពនៅកម្ពុជា ដែលថ្នាក់ដឹកនាំយើង ជម្នះរាល់ឧបសគ្គ ខិតខំប្រឹងប្រែងស្វែងរកបានដោយលំបាក ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕

ដោយ ៖ សិលា


ចែករំលែក៖