ព័ត៌មានទាន់ហេតុការណ៍៖

គណនី TikTok ឈ្មោះ SOKHUN បានបង្ហោះវីដេអូសកម្មភាពកងកម្លាំងនគរបាលស្រុកពញាឮ បង្ក្រាបបទល្មើស «បង្ហោះផ្ទុយពីការពិត» !

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគណនី TikTok ឈ្មោះ SOKHUN បានបង្ហោះវីដេអូសកម្មភាពកងកម្លាំងនគរបាលស្រុកពញាឮចេញប្រតិបត្តិការបង្រ្កាបករណីចាប់ជំរិត ដោយភ្ជាប់ខ្លឹមសារថា ៖ វត្តចេតីយថ្មី ផ្លូវជាតិលេខ៥ ហៅវត្តឧដុង្គ មានករណីបាញ់ប្រហារគ្នាទ្រង់ទ្រាយធំបឋមឃាត់ខ្លួនបានចំនួន៧នាក់ ព័ត៌មានបឋម 22/10/2024។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានស្រាវជ្រាវករណីខាងលើទទួលបានលទ្ធផលដូចខាងក្រោម៖

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៣៦នាទី លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាមរយៈលេខ ទូរស័ព្ទ 010 586 948 ជាអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថា៖ មានករណីចាប់ជំរិតមនុស្សនៅចំណុចក្បែរ អាហារដ្ឋាន យីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកអធិការ បានបញ្ជាអោយកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ បានឃើញរថយន្តចំនួន០២គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX-9081 ០១គ្រឿង និង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-7571 ០១គ្រឿង កំពុងឈប់ចតនៅក្នុងឃ្លាំងទុកចោល ក្បែរផ្លូវជាតិលេខ៥ និងបានឃើញមនុស្សរត់ចេញពីក្នុងរថយន្ត ចំនួន០៣នាក់ រត់សំដៅទៅវាលស្រែខាងត្បូងកន្លែងកើតហេតុ បន្ទាប់មកកម្លាំងយើងបានចូលទៅពិនិត្យក្នុងរថយន្ត បានឃើញជនរងគ្រោះចំនួន ០២នាក់៖

១-ឈ្មោះ នូ នុងគ័ង ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត ១៩៩៨  បច្ចុប្បន្នស្នាក់នៅក្នុង កាស៊ីណូលីម៉ាកាវ ខេត្តស្វាយរៀង ( កំពង់អង្គុយក្នុងឡាន ពណ៌ស ស្ថានភាព ដៃជាប់ខ្នោះ ចងភ្ជាប់និងដៃកាន់ក្នុងឡាន និងជើងទាំង០២ជាប់ចំណង) 

២-ឈ្មោះ ម៉ៅ ភក្តី ហៅ ភ័ក្រ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរ មានទីលំនៅភូមិ ស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល ( អង្គុយក្នុងរថយន្តក្នុងស្ថានភាព ដៃជាប់ខ្នោះ)

 ក្នុងពេលនោះ កម្លាំងពាក់ព័ន្ធមួយចំនួន បានតាមស្វែងរកជនសង្ស័យ បន្ទាប់មកម្លាំងជំនាញនិងកម្លាំងប៉ុស្តិបានឃាត់ខ្លួនជនសង្ស័យ ដែលបានរត់ចេញពីរថយន្ត បានចំនួន ០៣នាក់ រួមមាន៖

១- ឈ្មោះ AMANBEK ZHAIDER ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN កាន់ Passport លេខ N14980188

២-ឈ្មោះ MUZBOLAT ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិ KAZAKHSTAN  កាន់ Passport លេខ N 12705569

៣-ឈ្មោះ AMAN SYRLYBAY ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN  កាន់ Passport គ្មាន។

សូមបញ្ជាក់៖ ចំពោះប្រតិបត្តិការនេះកម្លាំងពាក់ព័ន្ធបានបាញ់គំរាមទៅលើជនសង្ស័យមិនឱ្យរត់ ចំណែកជនសង្ស័យពុំមានអាវុធបាញ់មកលើកងកម្លាំងវិញនោះទេ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ កម្លាំងជំនាញកំពុងបន្តអនុវត្តតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប និងកុំមានការភាន់ច្រឡំ!! ៕

ដោយ ៖ សិលា


ចែករំលែក៖