ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំជាមួយ គណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤

ចែករំលែក៖

ខេត្តកំពត ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

លោក បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំនាព្រឹកនេះថា យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ : ៧៧៥ សជណ.ពទ ចុះថ្ងៃពុធ ៦ កើត ខែជេសដ្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ ពិធីបុណ្យសមុទ្រ ឯកភាពកំណត់យកខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

និងអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ ដោយគណៈកម្មការទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តកំពត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិល្បករខ្មែរក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ក្រោមប្រធានបទ “អបអរ បេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ១៣កើត ដល់ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។

លោក បានបាញ្ជាក់ទៀតថា កម្មវិធីបើក ជាផ្លូវការគឺប្រព្រឹត្តិទៅនាថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ នឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ត ដូចខាងក្រោម៖

១. ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុជកាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤

២. សកម្មភាពកីឡា និងការប្រកួតកីឡាគ្រប់ប្រភេទ

៣.ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ព្រមទាំង សកម្មភាពកម្សាន្តនានាផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖