ព័ត៌មានទាន់ហេតុការណ៍៖

កិត្តិសង្គហបណ្ឌិត គន់ គីម ចូលរួមសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៣ ដែលប្រ៊ុយណេជាប្រធាននិងកម្ពុជាជាអនុប្រធាន រៀបចំឡើងនៅទីក្រុងបាន់ដាសេរ៉ី បេហ្គាវ៉ាន់

ចែករំលែក៖

ប្រ៊ុយណេ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី ១២ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (12th AMMDM) និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានប្រទេសប្រ៊ុយណេ ជាប្រធាន និងព្រះរាជាណាចក្រកម្ពុជាជាអនុប្រធាន ដែលរៀបចំឡើងនៅទីក្រុងបាន់ដាសេរ៉ី បេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម។

ក្នុងនោះក៏មានកិច្ចប្រជុំជាមួយដៃគូរអាស៊ានរួមមានដូចជា៖

១-កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកចិន លើកទី៤

២-កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកជប៉ុន លើកទី៤

៣-កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកសាធារណៈរដ្ឋកូរ៉េ លើកទី៣។

កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្ត រាយសម្រាប់ឆ្នាំ២០២៤ នាពេលនេះ បានបំផុសគំនិត លើប្រធានបទ ការកសាងភាពធន់អាស៊ាន តាមរយៈការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ប្រកបដោយ ចីរភាព និងបរិយាប័ន្ន ។

ក្នុងនាមអនុប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន កិត្តិសង្គហបណ្ឌិតបញ្ជាក់ជូនអង្គប្រជុំថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញ នូវកម្មវិធីនយោបាយ គោលដៅជាយុទ្ធសាស្ត្រ និងវិធានការ របស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈម ដោយការចូលរួម ជាមួយនឹងការឆ្លើយតប យ៉ាងទូលំទូលាយ នៅថ្នាក់ជាតិ តំបន់ និងពិភពលោក ចំពោះផលប៉ះពាល់ នៃគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុនិងឈាន ទៅសម្រេចបាននូវ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមិនទុក នរណាម្នាក់ចោលជាដាច់ខាត។

ជាមួយគ្នានេះកម្ពុជាសូមគាំទ្រចំពោះការអនុម័តលើសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការកសាងភាពធន់អាស៊ាន តាមរយៈការស្តារឡើងវិញ បន្ទាប់ពីគ្រោះ មហន្តរាយ ប្រកបដោយចីរភាព និងបរិយាប័ន្ន ដោយបានបញ្ជាក់អំពីតម្រូវការ ក្នុងការអភិវឌ្ឍ អភិក្រមយ៉ាងសកម្ម នៅក្នុងដំណើរការនៃការស្តារឡើង វិញ ប្រកបដោយបរិយាប័ន្ន ដោយផ្តោត លើយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង និងការផ្លាស់ប្តូរគំរូ ដែលផ្តល់អាទិភាព ដល់ការកសាងសង្គម ប្រកបដោយភាពធន់ ដើម្បីធានាបាននូវសុវត្ថិភាព និងអនាគតកាន់តែរីក ចម្រើន សម្រាប់អាស៊ាន ក៏ដូចជា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការរំលឹកខួបលើកទី២០ នៃរលកយក្ស ស៊ូណាមិ នៅមហាសមុទ្រឥណ្ឌា ដោយបានកំណត់ជាការរំលឹក និងជានិច្ចជាកាល អំពីការ ចែក រំលែកភាពងាយរងគ្រោះ និងការប្តេជ្ញាចិត្ត ក្នុងការការពារ សហគមន៍ និងប្រជាជន របស់យើង និងកសាងអនាគត ប្រកបដោយសុវត្ថិភាព សម្រាប់ទាំងអស់គ្នា ដែលបានប្រកាស ជាផ្លូវការ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១២ នាពេលនេះ នឹងសូមអបអរសាទរ ចំពោះការអនុម័តលើសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន សម្រាប់ សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤ បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តក្របខ័ណ្ឌការងារសេនដោយ ឆ្នាំ២០១៥-២០៣០ ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការអនុវត្តកម្មវិធីការងារ ឆ្នាំ២០២១-២០២៥ នៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើការឆ្លើយតប សង្គ្រោះបន្ទាន់ (អាត់មែរ) ក្នុងគោលបំណងពង្រឹងបន្ថែមទៀត លើការកាត់បន្ថយហានិភ័យ គ្រោះ មហន្តរាយ និងការកសាងភាពធន់ នឹងគ្រោះមហន្តរាយ នៅតំបន់អាស៊ាន។

សូមបញ្ជាក់ផងដែរថាព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាប្រធានក្នុងកិច្ចប្រជុំសំខាន់ៗរួមមាន៖ ១. កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦ (46th ACDM) 

២. កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧(47th ACDM) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី ១៣ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (13th AMMDM) និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៥ ខាងមុខ៕

ដោយ៖ សូរិយា


ចែករំលែក៖