ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនចំនួន ០៤ នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ ៩៦គីឡូក្រាម កាន់កាប់គ្រឿងផ្ទុះ និងបទសម្អាតប្រាក់

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០៤ នាក់ខាងលើ ពីបទ ៖ ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់គ្រឿងផ្ទុះ និងគ្រាប់រំសេវនិងសម្អាតប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ ដល់អំឡុងខែតុលា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៤០, ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, មាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៤ សមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបករណីគ្រឿងញៀន នៅគោលដៅទី១ ចំណុចចំណតរថយន្តផ្សារទំនើប បី Mall ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គោលដៅទី២ នៅចំណុចបន្ទប់លេខ ០៩.១០ អាគារហ័រយូ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គោលដៅទី៣ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភោជនីយដ្ឋាន ឆុងឈីងម៉ាថូស៊ុបចិន តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី៤ នៅចំណុចបន្ទប់លេខ ១០.៣១ អាគារហ័រយូ ភូមិ១៤ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។

ពេលប្រតិបត្តិការបង្ក្រាបបទល្មើសសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ និងដកហូតវត្ថុតាងពី ជនសង្ស័យ១.ឈ្មោះ GAO SHAN ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ២.ឈ្មោះ WANG XIAO LONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ៣.ឈ្មោះ CHEN JIA PING ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន និង៤.ឈ្មោះ TANG YU HAN ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិចិន នូវសារធាតុដែលមានតម្រុយជាគ្រឿងញៀនចំនួន ៧៩៩ កញ្ចប់ ទម្ងន់ ៩៣.៨៣៤,២១ ក្រាម ថ្នាំគ្រាប់ចំនួន ៦.២២៨ គ្រាប់ ទម្ងន់ ៧១៥,៤ ក្រាម កញ្ហាក្រៀមចំនួន ០២ ដុំធំ ទម្ងន់ ២.០៩៧,៣០ ក្រាម បារីកញ្ញា ចំនួន ៣២៤ ដើម ទម្ងន់ ៣១៩,៥០ ក្រាម គ្រាប់កាំភ្លើងចំនួន ១៦ គ្រាប់ និងសំបកគ្រាប់ចំនួន ០៤ សំបក ព្រមទាំងភស្តុតាង មួយចំនួនដែលសង្ស័យជាប់ ពាក់ព័ន្ធនឹងការសម្អាតប្រាក់។

បច្ចុប្បន្នក្រុមជនត្រូវចោទទាំងនេះកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្ត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖