ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន NUCTECH Company Limited (NUCTECH) និងក្រុមហ៊ុន China Tourism Group (CTG) លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ទៅបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន។
ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូ អគរ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន NUCTECH ដែលជាក្រុមហ៊ុនដៃគូដ៏សំខាន់របស់ អគរ ក្នុងការបំពាក់និងថែទាំសម្ភារៈបច្ចេកវិទ្យាគាំទ្រដល់ប្រតិបត្តិការគយ ជាពិសេសបច្ចេកវិទ្យាត្រួតពិនិត្យទំនិញ និង សន្តិសុខ។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) ក្នុងប្រព័ន្ធត្រួតពិនិត្យទំនិញដោយម៉ាស៊ីនស្គែន និង ការប្រើប្រាស់ប្រព័ន្ធឆ្លាតវៃសម្រាប់គ្រប់គ្រងទំនិញតាមព្រំដែន នៅក្នុងកិច្ចដំណើរការការងាររបស់ អគរ ក្នុងន័យដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាក្នុងការបង្កើនអនុលោមភាព ទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ។
ជាមួយគ្នានេះ គណៈប្រតិភូ អគរ ក៏បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន CTG ដែលមានក្រុមហ៊ុន China Duty Free Group (CDFG) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និង មានប្រតិបត្តិការអគារលក់ទំនិញរួចពន្ធ (Duty Free) នៅប្រទេសកម្ពុជា។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ពីការរួមចំណែកដ៏សំខាន់របស់ក្រុមហ៊ុនក្នុងវិស័យទេសចរណ៍នៅប្រទេសកម្ពុជា តាមរយៈកិច្ចដំណើរអគារលក់ទំនិញរួចពន្ធចំនួន ៤ ទីតាំង ហើយ អគរ នឹងបន្តគាំទ្រដល់កិច្ចដំណើរការរបស់ក្រុមហ៊ុននៅកម្ពុជា។ ទន្ទឹមនេះផងដែរ លោករដ្ឋមន្ត្រីប្រតិភូ បានស្នើឱ្យក្រុមហ៊ុន CTG ពិនិត្យលទ្ធភាពក្នុងការនាំភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនតាមរយៈនាវាដឹកអ្នកដំណើររបស់ខ្លួន ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានកំណត់ ឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។
គណៈប្រតិភូ អគរ ក៏បានធ្វើដំណើរទស្សនកិច្ចត្រួតពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D Center) និងរោងចក្រផលិតឧបករណ៍និងម៉ាស៊ីនស្គែនរបស់ក្រុមហ៊ុន NUCTECH ហើយក៏បានធ្វើទស្សនកិច្ចពិនិត្យនិងស្វែងយល់ពីកិច្ចដំណើរនិងការគ្រប់គ្រងអគារលក់ទំនិញរួចពន្ធនៅអាកាសយានដ្ឋានអន្តរជាតិ និងទីតាំងមួយចំនួន ដែលស្ថិតក្រោមកិច្ចប្រតិបត្តិការរបស់ក្រុមហ៊ុន CTG។
គួរបញ្ជាក់ផងដែរថា អគរ និង NUCTECH បានចាប់ផ្ដើមកិច្ចទំនាក់ទំនងតាំងពីឆ្នាំ២០០៣មក ហើយបច្ចុប្បន្ននេះ អគរ កំពុងប្រើប្រាស់ម៉ាស៊ីនស្គែនកុងតែន័ររបស់ក្រុមហ៊ុន NUCTECH ចំនួន ១៥ គ្រឿង នៅតាមបណ្ដាអង្គភាពគយនិងរដ្ឋាករនានា។ បច្ចុប្បន្ននេះ អគរ ក៏បាននិងកំពុងសហការជាមួយក្រុមហ៊ុន NUCTECH ក្នុងការរៀបចំថ្នាលប្រមូលផ្តុំការត្រួតពិនិត្យទំនិញ ដែលក្នុងនោះមានប្រព័ន្ធសំខាន់ពីរគឺ ប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ (Electronic Cargo Tracking System – ECTS) និង ប្រព័ន្ធប្រមូលផ្តុំរូបភាពស្គែន ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅដំណាច់ឆ្នាំ២០២៤ នេះ ៕
ដោយ ៖ សិលា