ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដស៊េរីទំនើបបើកចុះពីលើស្ពានលឿនពេកជាន់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុករថយន្ដមួយគ្រឿងទៀតប៉ើងទៅខ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្ដស៊េរី ទំនើប LAND ROVER DEFENDER មួយគ្រឿងចុះពីលើស្ពានអាកាសសម្តេចតេជោ ឆ្ពោះទៅផ្លូវ៦០ម៉ែត្រយ៉ាងលឿន ខណៈបើកមកដល់ចុងស្ពានស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកTOYOTA HILUX VIGO បួងចង្កូតបត់ពីមុខក៏ជ្រុលទៅបុកពេញទំហឹងប៉ើងផ្ទប់ទៅបុកនឹងរបាំងថ្មបន្ថែមបណ្តាលឱ្យបាក់អស់២កង់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ ។ 

បើតាមការបញ្ជាក់ពីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA HILUX VIGO ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2R-5670 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវក្រោមស្ពានសម្តេចតេជោឆ្ពោះទៅផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុចុងស្ពាន បានបួងចង្កូតបត់ឆ្វេងឆ្លងផ្លូវចូលទៅក្នុងអគារចិនមួយកន្លែង ពេលឆ្លងដលពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្ដស៊េរីទំនើបមួយគ្រឿងទៀតម៉ាក LAND ROVER DEFENDER ពណ៌សពាក់ ផ្លាក លេខ កម្ពុជា XYZ.0168 បេីកបរដោយបុរសម្នាក់ចុះពីលើស្ពានសម្តេចតេជោឆ្ពោះទៅផ្លូវ៦០ម៉ែត្រដូចគ្នាយ៉ាងលឿន ពេលបើកចុះមកដល់ចំណុវកើតហេតុក៏អកហ្សឺជាន់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុករថយន្ត TOYOTA HILUX VIGO ចំពីក្រោយចំហៀងខាងឆ្វេងប៉ើងទៅផ្ទប់របាំងថ្មបន្ថែមខូចខាតអស់២កង់ ចំណែករថយន្តរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរទៅរក្សាទុករង់ចាំឱ្យភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖