ព័ត៌មានទាន់ហេតុការណ៍៖

Barcelona វ៉ាដាច់៦ពិន្ទុនៅកំពូលតារាង ក្រោយបំបាក់ Real យ៉ាងចាស់ដៃដល់ទឹកដី

ចែករំលែក៖

ខ្សែប្រយុទ្ធ Robert Lewandowski រកបាន២គ្រាប់ក្នុងរយៈពេល៣នាទីនៅតង់ទី២ ខណៈដែលក្រុមកំពូលតារាង La Liga Barcelona បានបំបាក់ក្រុមម្ចាស់ផ្ទះ Real Madrid យ៉ាងចាស់ដៃក្នុងការប្រកួត El Clasico ៤ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលានេះ ដើម្បីនាំមុខ៦ពិន្ទុដាច់ពីលើគូប្រជែងរបស់ខ្លួន។

ក្រុមម្ចាស់ផ្ទះ Real Madrid  កំពុងសម្លឹងមើលការបន្តការប្រកួតមិនដែលចាញ់របស់ពួកគេដល់ទៅ៤៣ប្រកួតក្នុងលីក ដែលនឹងស្មើនឹងកំណត់ត្រាកំណត់ដោយ Barcelona នៅចន្លោះខែមេសា ឆ្នាំ២០១៧ ដល់ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែក្តីសង្ឃឹមរបស់ពួកគេក្នុងការធ្វើនោះត្រូវបានបញ្ចប់ដោយការបរាជ័យយ៉ាងអាម៉ាស់ក្នុងទឹកដីខ្លួនឯងពីការរកគ្រាប់បាល់រហូតដល់៤គ្រាប់ក្នុងតង់ទី២ពីសំណាក់កីឡាកររបស់ Barceona នៅ Bernabeu។

លោក Carlo Ancelotti គ្រូបង្វឹកក្រុម Real Madrid បាននិយាយថា “វាជាពេលវេលាលំបាក ជាពេលដ៏អាម៉ាស់មួយនៅពេលដែលអ្នកចាញ់ការប្រកួត ជាពិសេសបន្ទាប់ពីមិនដែលចាញ់ច្រើនប្រកួតកន្លងមក”។

បន្ទាប់ពីខកខានការស៊ុតបាល់បញ្ចូលទីក្នុងតង់ទីមួយ ខ្សែប្រយុទ្ធ Lewandowski បានបំបែកភាពជាប់គាំងដោយរកបាន១គ្រាប់នាំមុខនៅនាទីទី៥៤ ពីការបញ្ជូនបាល់របស់ Marc Casado។ បន្ទាប់មក ខ្សែប្រយុទ្ធប៉ូឡូញរូបនេះបានធ្វើឲ្យក្រុមម្ចាស់ផ្ទះភ្ញាក់ផ្អើលជាខ្លាំង ដោយរកបានគ្រាប់បាល់ទី២ក្នុងរយៈពេលតែ៣នាទីពីការបញ្ជូនបាល់របស់ Alejandro Balde នៅជ្រុងខាងស្តាំនៅនាទីទី៥៦។ ខ្សែប្រយុទ្ធ Lewandowski មានឱកាសល្អចំនួន២ដងទៀតក្នុងការបញ្ចប់ការស៊ុតបាល់បញ្ចូលទី ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីទៅលើក្រុម Real Madrid ដោយមានការរារាំងពីខ្សែការពារក៏ដូចជាអ្នកចាំទី។

តារាវ័យជំទង់សញ្ជាតិអេស្ប៉ាញ Lamine Yamal វ័យ១៧ឆ្នាំបានស៊ុតបញ្ចូលទីបាល់ទី៣ឲ្យ Barcelona នៅនាទីទី៧៧ ដែលគ្រាប់បាល់នេះធ្វើឱ្យកីឡាករវ័យក្មេងរូបនេះក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតមិនធ្លាប់មាននៅក្នុងជំនួប El Clasico ។

ក្រោយមកប្រធានក្រុម Raphinha រកបានគ្រាប់ទី៤នៅចុងម៉ោង គឺនៅនាទីទី៨៤សម្រាប់គ្រាប់បាល់ដំបូងរបស់គេទល់នឹង Real Madrid។ លទ្ធផលនេះក៏ជាការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្សែប្រយុទ្ធ Kylian Mbappe ផងដែរនៅ El Clasico បានបញ្ចប់ដោយការបរាជ័យ ដែលខ្សែប្រយុទ្ធបារាំងរូបនេះរកបាន២គ្រាប់ដែរ ប៉ុន្តែមិនអនុញ្ញាតដោយសារគ្រាប់បាល់ offside។

ក្រុម Barcelona បានបញ្ចប់១០ពិន្ទុតាមពីក្រោយក្រុម Real Madrid នៅ La Liga កាលពីរដូវកាលមុន ហើយពួកគេកំពុងបង្កើនភាពជឿជាក់លើកីឡាករវ័យក្មេងភាគច្រើនដើម្បីនាំមកនូវភាពជោគជ័យនៅក្នុងរដូវកាលនេះ។ វិធីសាស្រ្តនោះគឺរហូតមកដល់ពេលនេះត្រូវបានផ្តល់រង្វាន់ ដោយក្រុមរបស់លោក Hansi Flick បានឈ្នះ១០ដង និងចាញ់តែ១ប្រកួតក្នុងលីករបស់ពួកគេរហូតមកដល់ពេលនេះ។

កីឡាករ Yamal គឺជាតារាវ័យក្មេងដែលភ្លឺបំផុតរបស់ពួកគេ ប៉ុន្តែមានអ្នកផ្សេងទៀត ជាមួយនឹង Casado និង Balde ទាំងពីរនាក់ ទទួលបានជំនួយនៅល្ងាចថ្ងៃសៅរ៍។ កីឡាករ៦នាក់ដែលចាប់ផ្តើមការប្រកួតឱ្យ Barcelona បានមកតាមរយៈសាលាយុវជនដ៏ល្បីរបស់ពួកគេ ប៉ុន្តែការដឹកនាំក្មេងៗពីជួរមុខគឺ Lewandowski ។

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញមានវ័យ៣៦ឆ្នាំ ប៉ុន្តែអាយុមិនបន្ថយគាត់ទេដោយការបង្ហាញខ្លួននៅតែល្អនៅ La Liga របស់គាត់នៅរដូវកាលនេះគឺរកបាន១៤គ្រាប់ក្នុង១១ប្រកួត៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖