ភ្នំពេញ ៖ ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បានផ្តល់ប័ណ្ឌព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១.៨៦៨០ក្បាល។ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ក្នុងចំណោមប័ណ្ណព្រំដែនដែលបានផ្ដល់ជូន ខេត្តបាត់ដំបង បានចំនួន១.៨២៥ក្បាល ខេត្តបន្ទាយមានជ័យ មានចំនួន១០.០០៤ក្បាល ខេត្តឧត្តរមានជ័យ ចំនួន៣.៣៣១ក្បាល ខេត្តប៉ៃលិនមានចំនួន៣.០១៨ក្បាល និងខេត្តកោះកុងមានចំនួន៥០២ក្បាល។
ក្នុងរយៈពេលដូចគ្នានេះ បើតាមលោកបណ្ឌិតអ្នកនាំពាក្យរងដដែល ក្រសួងក៏បានបន្តបើកផ្ដល់ប័ណ្ឌព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនថៃបានចំនួន ២៦.០០០ក្បាលផងដែរ ក្នុងនោះខេត្តបន្ទាយមានជ័យទទួលបានច្រើនជាងគេ គឺមានរហូតដល់ទៅ ១២.០០០ក្បាល ខេត្តបាត់ដំបង៣.៥០០ក្បាល ខេត្តឧត្តរមានជ័យ៤.៥០០ក្បាល ខេត្តប៉ៃលិន ៥.០០០ក្បាល និងខេត្តកោះកុង១.០០០ក្បាល។
ដោយឡែកសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ដែរថា ការបើកផ្ដល់ប័ណ្ឌព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មិនទាន់មាននោះទេ។ យ៉ាងណាក៏ដោយ ក្នុងរយៈពេលដូចគ្នានេះ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តស្ទឹងត្រែង ចំនួន៧ក្បាល។
សូមបញ្ជាក់ថា ប័ណ្ណព្រំដែន ប្រើប្រាស់សម្រាប់ឆ្លងដែន ឬជំនួសលិខិតឆ្លងដែន តែខុសគ្នាត្រង់ថាប័ណ្ណនេះអាចប្រើប្រាស់ ឆ្លងដែនបានតែខេត្តដែលជាប់ព្រំដែនគ្នាតែប៉ុណ្ណោះ។ ការផ្ដល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ-ឡាវ ធ្វើឡើងតាមរយៈការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងទីតាំងផ្សេងទៀតតាមការចាំបាច់កំណត់ដោយរដ្ឋបាលក្រុង ស្រុកសាមី។ រាជរដ្ឋាភិបាលបានជំរុញឱ្យរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនប្រទេសថៃ និងឡាវ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវាប័ណ្ណព្រំដែននេះ៕
ដោយ ៖ លោក សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ