ព័ត៌មានទាន់ហេតុការណ៍៖

Man Utd និង Spurs បរាជ័យដូចគ្នានៅក្រៅទឹកដី

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ West Ham United ដែលប្រាកដជានឹងធ្វើឱ្យអ្នកចាត់ការលោក Erik ten Hag អាចនឹងប្រឈមពីការចាកចេញកាន់តែខ្លាំងក៏ថាបាន ខណៈដែលក្រុម Crystal Palace បានផ្តួលក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ១-០ សម្រាប់ការឈ្នះនៅ Premier League ជាលើកដំបូងរបស់ពួកគេនៃរដូវកាលកាលពីថ្ងៃអាទិត្យ។

នៅឯកីឡដ្ឋាន London Stadium របស់ West Ham ខ្សែប្រយុទ្ធ Jarrod Bowen បានស៊ុតបាល់ប៉េណាល់ទីនៅក្នុងម៉ោងបន្ថែម ៩០+២ ដែលមានការតវ៉ាដ៏ចម្រូងចម្រាស ដើម្បីផ្តួលក្រុម Manchester United បន្ទាប់ពីស្មើគ្នា១ទល់១។

កីឡាករ Crysencio Summerville រកបានគ្រាប់បាល់នាំមុខដំបូងឲ្យក្រុមញញួរធំ West Ham ខណៈដែលម្ចាស់ផ្ទះបានឡើងឈរលើក្រុមភ្ញៀវទៅលេខ១៣ក្នុងតារាងដោយមាន១១ពិន្ទុបន្ទាប់ពី៩ប្រកួតដោយក្រុម Manchester Untied ឈរនៅលេខរៀងទី១៤មានពិន្ទុដូចគ្នា។

ក្រុម Man Utd បានគ្រប់គ្រងបាល់បានល្អក្នុងតង់ទី១ ចូលដល់តង់ទី២ អ្វីៗបានប្រែប្រួល ដោយក្រុមម្ចាស់ផ្ទះ West Ham បាននាំមុខនៅនាទីទី៧៤ ប៉ុន្តែនៅនាទីទី៨១ ខ្សែបម្រើ Casemiro រកបានគ្រាប់បាល់តាមស្មើវិញ។

ចូលដល់ម៉ោងបន្ថែមកីឡាករ Bowen បានស៊ុតបាល់បញ្ចូលទីនៅនាទីទី៩២ ដោយឈានទៅដល់ការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីការត្រួតពិនិត្យ VAR ដ៏យូរបង្ហាញថា Matthijs de Ligt បានប៉ះទង្គិចជាមួយកីឡាករ Danny Ings ក្នុងតំបន់គ្រោះថ្នាក់។

ចំណែក Crystal Palace បានឡើងចេញពីតំបន់កាត់ចោលជាមួយនឹងជ័យជម្នះដែលត្រូវការខ្លាំងដោយសារតែគ្រាប់បាល់របស់ Jean-Philippe Mateta ដែលបានបន្ធូរបន្ថយសម្ពាធលើអ្នកចាត់ការលោក Oliver Glasner។ ក្រុមម្ចាស់ផ្ទះ Crystal Palace បានឡើងមកលេខ១៧ដោយមាន៦ពិន្ទុដាច់ពីតំបន់កាត់ចោល២ពិន្ទុ ខណៈដែល Spurs បន្តនៅលេខ៨មាន១៣ពិន្ទុ។

ដោយឡែកមួយគូទៀត គ្រាប់បាល់ស៊ុតបញ្ចូលទីដោយកីឡាករ Nicolas Jackson និង Cole Palmer បានជួយឱ្យ Chelsea យកឈ្នះលើក្រុម Newcastle ក្នុងលទ្ធផល ២-១ ដើម្បីជំរុញឱ្យពួកគេឡើងទៅកាន់ចំណាត់ថ្នាក់លេខ៤ ខណៈដែល Liverpool និង Arsenal បានទទួល លទ្ធផលស្មើគ្នា២ទល់២ ៕

ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA)


ចែករំលែក៖