ខេត្តពោធិ៍សាត់ ៖ លោកវរសេនីយ៍ត្រី យិន ឈុនហាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានឲ្យដឹងនារសៀលថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះថា មន្ត្រីរបស់លោករួមសហការដោយ មន្ត្រីសហគមន៍អភិរក្សជលផល(ដងទឹកលាច)ចុះបង្រ្កាបឧបករណ៍ចាប់ត្រីដាក់បិទជិតកាត់អូរ ដោយរុះរើ និងបំផ្លាញនូវឧបករណ៍ជាវត្ថុតាង ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំឲ្យដឹងទៀតថា ករណីបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផលខាងលើ ធ្វើឡើងនៅតាមដងអូរ(ទែនម៉ៅ)ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រី យិន ឈុនហាក់ នាយប៉ុស្តិ៍ឲ្យដឹងបន្តទៀតថា លទ្ធផលៈ បង្រ្កាបឧបករណ៍ចាប់ត្រី(របាំងសាច់អួន)ដាក់កាត់អូរបិទជិតចំនួន១៣កន្លែង ស្មើនឹងប្រវែង៥០០ម៉ែត្រ ចំណែកត្រីចំរុះត្រូវបានចាក់លែងចូលក្នុងអូរវិញ ។ លោក បញ្ជាក់បន្ថែមបន្តទៀតថា លោកសុំគោលការណ៍បន្តបង្រ្កាបទៀត ៕
ដោយ៖ ប៉ឹម ពិន