ភ្នំពេញ ៖ បុរសម្នាក់បានធ្វេីអត្តឃាតដោយលោតសម្លាប់ខ្លួនពីលេីផ្ទះល្វែងជាន់ទី៣ ក្នុងបុរីពិភពថ្មីចំការដូង១ ផ្ទះលេខ៤១A ផ្លូវលេខ០៣ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង១៦និង៤០ នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ។
សពជនរងគ្រោះមានឈ្មោះ គង់ ស៊ីណា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ (មានជម្ងឺសរសៃប្រសាទ) មានទីលំនៅផ្ទះលេខ៨A ផ្លូវM០៦ បុរីជីបម៉ុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមការបំភ្លឺពីឈ្មោះ លាម សុខឆេង ដែលរស់នៅក្បែរកន្លែងកេីតហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល១៦ នឹង៤០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ខ្ញុំបានអង្គុយលេងនៅមុខផ្ទះ រួចបានងាកមើលឆ្វេងស្តាំ ស្រាប់តែឃើញជនរងគ្រោះឈរនៅលើបង្កាន់ដៃផ្ទះជាន់ទី៣តែម្នាក់ឯង និងដើរទៅវិញទៅមក ហើយខ្ញុំក៏បានយកទូរស័ព្ទដៃចេញមកដើម្បីថត ពេលទាញទូរស័ព្ទចេញមកថតស្រាប់តែឃើញជនរងគ្រោះលោតចុះមកក្រោមបាត់ទៅហើយ រួចក៏មានមនុស្សផ្អើលឆោឡោចោមរោមមើល ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។
បេីយោងតាមការបំភ្លឺពីឈ្មោះ គង់ ស៊ីណៃ ភេទស្រី ជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា : កាលពីអំឡុងឆ្នាំ២០០៩ បងប្រុសនាងខ្ញុំបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានរយៈពេលប្រហែលកន្លះឆ្នាំ ក៏បានត្រឡប់មកវិញ ហើយមានជម្ងឺសរសៃប្រសាទ ទើបក្រុមគ្រួសារនាងខ្ញុំនាំទៅមន្ទីរពេទ្យដើម្បីបើកថ្នាំរម្ងាប់អារម្មណ៍លេបជាប្រចាំ, កន្លងមកបងប្រុសនាងខ្ញុំធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងដោយចង ក, ដោយចាក់ខ្លួនឯង និងដោយលេបថ្នាំសម្លាប់ខ្លួន តែត្រូវក្រុមគ្រួសារដឹងទាន់ ទើបមិនមានបញ្ហាអ្វី។ នាងខ្ញុំបានឱ្យសោផ្ទះនាងខ្ញុំ (ផ្ទះកើតហេតុ) ដែលនាងខ្ញុំបានទុកចោលសម្រាប់លក់ឱ្យទៅបងប្រុសនាងខ្ញុំដើម្បីឲ្យគាត់ចេញចូលជួយមើលថែ។ លុះមកដល់វេលាម៉ោងប្រហែល១៧និង១១នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្រាប់តែមានអ្នកជិតខាងនាងខ្ញុំទូរស័ព្ទមកប្រាប់នាងខ្ញុំថា បងប្រុសនាងខ្ញុំបានលោតពីលើផ្ទះ ទើបនាងខ្ញុំបានមកមើលឃើញបងប្រុសនាងខ្ញុំស្លាប់នៅក្នុងថ្លុកឈាមមុខផ្ទះ។
តាមការពិនិត្យកន្លែងកើតហេតុ និងព័ត៌មានប្រមូលបាន រូបភាពពីកាមេរ៉ាទូរស័ព្ទ និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា សពជនរងគ្រោះ ពិតជាស្លាប់ដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ (អត្តឃាតលោតចេញពីផ្ទះជាន់ទី៣ខ្លួនឯង) ។ បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានធ្វេីលិខិតប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ