អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នារសៀលថ្ងៃទី២៨ ខែតុលា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំសិក្សាលើកទី១៧ ស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌។ ពេលអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា ត្រូវផ្តោតសំខាន់លើការសម្រេចគោលដៅយុទ្ធសាស្ត្រនៃការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌នៅឆ្នាំ ២០៣៥ ដោយប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្សនិយមដែលជាគោលគំនិតណែនាំជាមូលដ្ឋានឱ្យចាក់ឫសជ្រៅចូលក្នុងអរិយធម៌ចិនដ៏ធំទូលាយនិងជ្រាលជ្រៅ សម្របតាមនិន្នាការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាព័ត៌មាន និងបន្តអភិវឌ្ឍវប្បធម៌សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដែលមានកម្លាំងណែនាំខាងគំនិត កម្លាំងរួបរួមខាងវិញ្ញាណ កម្លាំងទាក់ទាញខាងគុណតម្លៃ និងឥទ្ធិពលអន្តរជាតិ បន្តពង្រឹងកម្លាំងវិញ្ញាណរបស់ប្រជាជន និងកសាងមូលដ្ឋានគ្រឹះវប្បធម៌ដ៏រឹងមាំសម្រាប់ជំរុញការកសាងប្រទេសខ្លាំងក្លា និងស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ។
គេហទំព័រ «CCFR China state-controlled media »លោក Xi Jinping បានថ្លែងបន្តថា យើងត្រូវតែដើរតាមមាគ៌ានៃការអភិវឌ្ឍវប្បធម៌សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន។ ត្រូវផ្តោតសំខាន់លើការបំផុសកម្លាំងរបស់ប្រជាជាតិទាំងមូលក្នុងការច្នៃប្រឌិតនិងបង្កើតវប្បធម៌។ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការតម្កល់ទុកប្រជាជនជាអាទិភាពក្នុងខណៈពេលកសាងវប្បធម៌។ ត្រូវបន្តវេនវប្បធម៌ចិនក្នុងខណៈពេលផ្លាស់ប្តូរដោយប្រឌិតញាណនិងអភិវឌ្ឍដោយភាពច្នៃប្រឌិតថ្មី ។ត្រូវបន្តពង្រឹងកម្លាំងវប្បធម៌ជាក់ស្តែងរបស់ប្រទេសជាតិ និងឥទ្ធិពលនៃវប្បធម៌ចិន។ ការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ គឺជាភារកិច្ចរួមរបស់បក្ស និងសង្គមទាំងមូល៕
ដោយ ៖ សិលា