ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ ព្រមទាំងក្រុមការងារពាក់ព័ន្ធរៀបចំពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីនូវសេចក្តីសុខចម្រុងចម្រើន និងបួងសួងឱ្យដំណើរការកម្មវិធីប្រព្រឹត្តិទៅប្រកបដោយភាពរលូន មុនចាប់ផ្តើមប្រារព្ធ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាថ្ងៃស្អែកនេះ (ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤) នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ក្នុងដំណើរការនៃការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា, សហព័ន្ធកីឡាជាតិ បានរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមប្រធានបទ “កីឡាជាតិ ដើម្បីអបអរសាទរព្រែកជីកហ្វូណនតេជោ” និងបន្តប្រើរូបនិម្មិត “Mascot” សុភាទន្សាយ ជាមួយយុទ្ធនាការអប់រំ ចំនួន ៥ ដូចខាងក្រោម៖ ១). កីឡារស់ក្នុងសន្តិភាព ២). ប្រជាជនម្នាក់ត្រូវលេងកីឡាមួយប្រភេទ យ៉ាងតិចប្រចាំជីវិត ៣). កីឡាគ្មានគ្រឿងញៀន កីឡាគ្មានផ្សែងបារី ៤). កីឡាបៃតង កីឡាស្អាតស្អំ ៥). កីឡាគ្មានសារធាតុដូប៉ា។
ទន្ទឹមនឹងនេះ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ មានការចូលរួមប្រកួតពី២៥ រាជធានីខេត្ត និងក្រសួងចំនួនបី គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលមានកីឡាករ កីឡាការិនី សរុបចំនួន ៤០៨៥នាក់ (គ្រូបង្វឹក គ្រូជំនួយចំនួន ៧៣៤ នាក់ មន្រ្តីដឹកនាំប្រតិភូ ៥២០នាក់ ដោយត្រូវប្រកួតប្រជែង ក្នុង ៣៦ ប្រភេទកីឡាជាតិ និង ១៣ ប្រភេទកីឡាជនមានពិការភាព រួមមាន ៣៨៣ វិញ្ញាសា។
ចំពោះទីតាំងរៀបចំការប្រកួតមាននៅរាជធានីភ្នំពេញ ប្រកួត ៣១ប្រភេទកីឡា, ខេត្តកែប ១ប្រភេទកីឡា គឺកីឡាទ្រីយ៉ាត្លុង, ខេត្តព្រះសីហនុ មាន ២ប្រភេទកីឡា គឺកីឡាទូកក្ដោង និងម៉ូតូទឹក, ខេត្តកំពង់ឆ្នាំង ១ប្រភេទកីឡា គឺប្រណាំងកង់គួក និងកង់ភ្នំ និងខេត្តស្វាយរៀងប្រណាំងទូកប្រពៃណី និងទូក Cano Cayak។
ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាឆ្នាំនេះ ឱ្យមានភាពគគ្រឹកគគ្រេង ក្រសួងបានសម្រេចគោលការណ៍រៀបចំពិធីរត់ភ្លើងគប់កីឡាជាតិតាមបណ្តាខេត្ត ដែលទទួលរៀបចំកីឡាមួយចំនួន ដោយត្រូវចេញដំណើរពីខេត្តកែប មកខេត្តព្រះសីហនុ រួចមកខេត្តកំពង់ឆ្នាំង រហូតមកខេត្តស្វាយរៀង ទើបចូលមករាជធានីភ្នំពេញ ផ្តើមចេញពីទីតាំងសម្ពោធការដ្ឋានបើកព្រែកជីកហ្វូណនតេជោ ឆ្ពោះមកពហុកីឡដ្ឋានជាតិអូឡាំពិក ចំថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ជាថ្ងៃបើកការប្រកួតជាផ្លូវការ៕
ដោយ ៖ សិលា