សារព័ត៌មាន AFP បានផ្សាយថា ប៉ូលិសឥណ្ឌាបានចាប់ខ្លួនមនុស្សពីរនាក់ នៅថ្ងៃអង្គារ ទី២៩ ខែតុលានេះ បន្ទាប់ពីផាវ និងកាំជ្រួចដែលដុតក្នុងពិធីសាសនានៅប្រាសាទមួយកន្លែងផ្ទុះឡើងបង្កការឆាបឆេះ បណ្តាលឱ្យមនុស្សជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះ ៨នាក់របួសធ្ងន់។
តាមវីដេអូផ្សព្វផ្សាយដោយកាសែតឥណ្ឌា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅជុំវិញប្រាសាទហិណ្ឌូ ក្នុងតំបន់ Nileshwaram រដ្ឋ Kerala ភាគខាងត្បូង កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ដើម្បីមើលការដុតកាំជ្រួច។ បន្ទាប់មក សំលេងផ្ទុះផាវ-កាំជ្រួច បានបន្លឺឡើងចេញពីខាងក្នុងអគារមួយ មុនពេលដុំភ្លើងដ៏ខ្លាំង ផ្ទុះឆាបឆេះឡើងទៅលើ។
មេប៉ូលិសក្នុងតំបន់ លោកស្រី Shilpa Dyavaiah បានប្រាប់ AFP ថា «ពួកគេដុតនៅជិតនឹងកន្លែងទុកដាក់ផាវ និងកាំជ្រួចពេក ធ្វើឱ្យបំណែកនៃផ្កាភ្លើង ឆាបឆេះដល់កន្លែងទុកដាក់ផាវ កាំជ្រួចទាំងនោះ។ មនុស្ស ៨នាក់ ត្រូវរបួសខ្លាំង ក្នុងចំណោមអ្នករបួសប្រហែល ១៥៤នាក់ ក្នុងនោះ ៩៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ»។
មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ លោក K Inbasekhar និយាយថា គ្មានការអនុញ្ញាតណាមួយឱ្យដុតផាវនិងកាំជ្រួចនោះទេ។ អ្នកគ្រប់គ្រង និងអ្នកមើលការខុសត្រូវប្រាសាទត្រូវបានបញ្ជូនទៅកន្លែងឃុំខ្លួន។ ជារឿយៗ ការប្រមូលផ្តុំរៀបចំពិធីសាសនា នៅក្នុងប្រទេសឥណ្ឌា មានកំណត់ត្រាអាក្រក់ដោយឧប្បត្តិហេតុផ្សេងៗ ដូចជាបញ្ហាសុវត្ថិភាព ឬការគ្រប់គ្រងមិនបានល្អ ពេលមានមនុស្សច្រើន៕
ដោយ៖ ធីរីណា(រូបថត៖ AFP)