ខេត្តស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃ១ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក (២០២៥-២០២៧) ឆ្នាំ២០២៤ នៅស្រុករមាសហែក។
សិក្ខាសាលានេះ មានការចូលរួមពីលោក ស៊ូ ម៉ុល អភិបាលស្រុក លោក អុិន សាបន ប្រធានក្រុមប្រឹក្សា ស្រុករមាសហែកលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីមេឃុំ ស្មៀនទាំង១៦ឃុំ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ លោកស៊ូម៉ុល អភិបាលស្រុក បានថ្លែងថា សិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ក្នុងឆ្នាំ២០២៤នេះ ជាឱកាសដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល និងកៀរគរប្រភពធនធានផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព សម្រាប់អនុវត្តន៍នៅឆ្នាំបន្ទាប់ និងសម្របសម្រួលធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ក្រុង ស្រុក ជាមួយនឹងគម្រោងនៃកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ និងដើម្បីស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជនផងដែរ។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា អង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៤នៅស្រុករមាសហែក គឺដើម្បីឱ្យគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើដោយឃុំ សង្កាត់ ឱ្យមានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានា របស់បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាព និងអង្គការនានា ជាមួយក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានការទាក់ទងគ្នាដើម្បីប្រមូលផ្តុំធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានដោយប្រើប្រាស់សក្តានុពល នៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែល្អ ប្រសើរ ដោយមានកិច្ចសហប្រតិបត្តិការល្អ ដើម្បី សម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាព ជាជាងការធ្វើសកម្មភាពតែឯកឯង។
បន្ថែមលើសពីនេះ លោក អភិបាលរងខេត្ត បានស្នើដល់មន្ទីរ អង្គភាព អង្គការជាតិ-អន្តរជាតិ មេត្តាពិនិត្យ និងពិចារណានូវគម្រោងសកម្មភាពដែល ជាតម្រូវការចាំបាច់ និងធ្វើការសម្រេចចិត្តគាំទ្រគម្រោងសកម្មភាព អាទិភាពរបស់ក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យបានសមស្រប ជៀសវាងគាំទ្រក្រៅគម្រោង ដែលមិនឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។
លោក ស៊ូ ម៉ុល អភិបាល ស្រុករមាសហែក បានមានប្រសាសន៍ថា អស់រយៈពេលមួយព្រឹកនេះដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ ស្រុក ប្រព្រឹត្តទៅបានល្អប្រសើរ ហើយមានការគាំទ្រគម្រោងកម្មវិធីវិនិយោគស្រុក និងឃុំសម្រាប់អនុវត្ត នៅឆ្នាំ ២០២៥។
លោកបន្តថា លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ នូវគោលបំណង និងឆន្ទៈរបស់លោក លោកស្រី ចូល រួមអភិវឌ្ឍន៍មូលដ្ឋាន និងអនុវត្តតាមគោលនយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។
លោក ក៏សូមថ្លែងអំណរគុណ លោក លោកស្រី ចំពោះការផ្តល់ទំនុកចិត្តលើកិច្ចខិតខំប្រឹងប្រែងបំពេញការងារ តាមតួនាទីភារកិច្ចរបស់រដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំ ព្រមចុះហត្ថលេខាគាំទ្រគម្រោង នា ពេល នេះ។
លោក ក៏ សូមអំពាវនាវដល់សប្បុរសជនទាំងឡាយដែលមានបំណង់ចង់ជួយគាំទ្រ គម្រោងដែល នៅ សេសសល់ យើងខ្ញុំរង់ចាំស្វាគមន៍ជានិច្ច។
ក្នុងនាម រដ្ឋបាលស្រុករមាសហែក ក៏សូមសន្យាថា នឹងផ្តល់កិច្ចសហការជាមួយគ្រប់ដៃគូរអភិវឌ្ឍន៍ អនុវត្ត រាល់គម្រោង សកម្មភាពណាដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តខិតខំបំពេញ ការងារជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព បរិយាប័ន្ន និងទាន់ពេលវេលា ស្របតាមតម្រូវការ របស់ប្រជាពលរដ្ឋ នៅទូទាំងស្រុក ៕
ដោយ៖ សុថាន