ភ្នំពេញ ៖ លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូនៃក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារ អង្គការសហប្រជាជាតិចំនួន៦ ដឹកនាំដោយលោក Muhammad Abdul Muhith ។
នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតគណៈប្រតិភូនៃក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន៦ ដឹកនាំដោយលោក Muhammad Abdul Muhith ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមាន សន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជា ដៃគូដ៏ល្អប្រសើររវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះ ការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនៅតាមបណ្តាខេត្តមួយចំនួន គណៈប្រតិភូបាន កត់សម្គាល់ពីវឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាល សេវាអប់រំ ព្រមទាំងការចូលរួមរបស់ស្ត្រី និងយុវជននៅតាម សហគមន៍មូលដ្ឋាន។
ជាការឆ្លើយតប សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សា ប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជា ឆ្លុះបញ្ចាំងអំពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងអង្គការសហ ប្រជាជាតិ ដែលនឹងបន្តរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព នៅកម្ពុជា។ សម្តេច បវរធិបតី មានប្រសាសន៍បន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះក៏បានផ្តល់នូវទស្សនទាន និង ការយល់ដឹងបន្ថែមទៀតដល់គណៈប្រតិភូ អំពីគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ការសម្រេចបានជា សមិទ្ធផលរបស់កម្ពុជា និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និង ប្រទេសកម្ពុជា។
សម្តេចបវរធិបតី និងលោកប្រធានគណៈប្រតិភូ បានពិភាក្សាអំពីការពង្រឹង និងពង្រីកភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ លើវិស័យសំខាន់ៗ រួមមាន៖ វិស័យសុខាភិបាល វិស័យអប់រំ ការបណ្តុះបណ្តាល ប្រព័ន្ធសុវត្ថិភាពសង្គម ការប្រែប្រួលអាកាសធាតុ ថាមពលស្អាត សមភាពយេនឌ័រ ព្រមទាំងតួនាទីរបស់ស្ត្រី និងយុវជន ជាដើម។ ឯកឧត្តមប្រធានគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការ សហប្រជាជាតិ បានអះអាងថា នឹងជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ បន្តរួមចំណែកគាំទ្ររបៀបវារៈ អភិវឌ្ឍន៍របស់កម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលនឹងផ្តល់ ប្រយោជន៍ដល់ប្រជាជនទាំងអស់ និងមិនទុកនរណាម្នាក់ចោលឡើយ៕
ដោយ ៖ សិលា