សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសថៃ លោក Maris Sangiampongsa បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ពលរដ្ឋថៃ៤នាក់បានស្លាប់ និងម្នាក់បានរងរបួស នៅក្បែរក្រុង Metula ភាគខាងជើងប្រទេសអ៉ីស្រាអែល ដោយសារតែការបាញ់រ៉ុក្កែតពីប្រទេសលីបង់។
កាលពីឆ្នាំមុន ជនជាតិថៃ៤១នាក់បានស្ថិតក្នុងចំណោមមនុស្សប្រមាណ១,២០០នាក់ ដែលត្រូវបានសម្លាប់ នៅពេលក្រុមហាម៉ាសបើកការឆ្មក់វាយប្រហារទ្រង់ទ្រាយធំ ឆ្លងពីតំបន់ហ្កាហ្សា ចូលមកកាន់សហគមន៍ភាគខាងត្បូងអ៉ីស្រាអែល។ មិនតែប៉ុណ្ណោះ ជនជាតិថៃ៣០នាក់ ក៏ស្ថិតក្នុងចំណោមចំណាប់ខ្មាំងរាប់រយនាក់ ដែលត្រូវបានក្រុមហាម៉ាសចាប់យកទៅតំបន់ហ្កាហ្សា អំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នោះផងដែរ ហើយ៦នាក់ត្រូវបានជឿជាក់ថា កំពុងបន្តស្ថិតនៅទីនោះ។
អ៉ីស្រាអែលបានឆ្លើយតប ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ហើយសង្រ្គាមសងសឹករបស់អ៉ីស្រាអែល បានបង្កការបំផ្លិចបំផ្លាញហិនហោច នៅដែនដីប៉ាឡេស្ទីនហ្កាហ្សា និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់។ លើសពីនេះទៅទៀត អ៉ីស្រាអែលក៏បានបើកការវាយប្រហារប្រឆាំងក្រុមហេសបូឡាហ៍ នៅឯប្រទេសលីបង់ផងដែរ។
មុនជម្លោះផ្ទុះឡើង មានជនជាតិថៃសរុបប្រហែល ៣០,០០០នាក់ បម្រើការងារនៅក្នុងប្រទេសអ៉ីស្រាអែល ភាគច្រើនក្នុងវិស័យកសិកម្ម ដែលប្រការនេះ បានធ្វើឱ្យពលរដ្ឋថៃក្លាយជាក្រុមធំមួយ ក្នុងចំណោមពលករចំណាកស្រុក នៅអ៉ីស្រាអែល៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN