ព័ត៌មានទាន់ហេតុការណ៍៖

សមាគមកាយប្ញទ្ធិនារីកម្ពុជាបោះជំរំប្រចាំឆ្នាំផ្ដោតលើប្រធានបទ យុវតីយើង អនាគតអ្នកដឹកនាំយើង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖《 យុវតីយើង អនាគតអ្នកដឹកនាំយើង》គឺជាប្រធានបទនៃការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជាដែលត្រូវបានរៀបចំធ្វើឡើងរយៈពេល ៤ ថ្ងៃ នៅខេត្តមណ្ឌលគិរី។ ពិធីបើកការបោះជំរំប្រចាំឆ្នាំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគម និងមានការចូលរួមពីថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងថ្នាក់ដឹកនាំនៃកាយប្ញទ្ធិជាតិកម្ពុជា ព្រមទាំងសមាជិក សមាជិការបស់សមាគមចូលរួមប្រមាណជាង ៣២០ នាក់ មកពី ៦ សាខាទូទាំងប្រទេស។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍ក្នុងពិធីបើកកម្មវិធីបោះជំរំនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា នេះថា តាមរយៈការរួបរួមគ្នានារយៈពេលកន្លងមក នាំឱ្យសមាគមកាយ

ប្ញទ្ធិនារីកម្ពុជាមានភាពរីកចម្រើនជាលំដាប់ដោយបានពង្រីកនូវសាខាថ្មីៗ បន្ថែម ហើយនៅជំហានបន្ទាប់ សមាគមនឹងបន្តអប់រំ បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពរបស់កុមារី និងយុវតីកម្ពុជាឱ្យពួកគេក្លាយជាអ្នកដឹកនាំនាថ្ងៃអនាគត។

លោកជំទាវបណ្ឌិតមានប្រសាសន៍ជំរុញលើកទឹកចិត្តយុវតីឱ្យពួកគេមានភាពក្លាហាន និងចេះស្រលាញ់គ្នា ចេះជួយយកអាសាគ្នាទៅវិញទៅមក និងសហការគ្នាធ្វើការងារជាក្រុម ដែលសំដៅថា កម្លាំងសាមគ្គីភាពគឺជាស្ពានឆ្ពោះទៅរកភាពជោគជ័យ។ លោកជំទាវបណ្ឌិតក៏បានលើកឡើងពីតួអង្គស្រ្តីជាអ្នកដឹកនាំសំខាន់ជុំវិញពិភពលោកមកធ្វើជាឧទាហរណ៍សម្រាប់ប្អូនៗ ថា បច្ចុប្បន្ននេះពិភពលោកបានឱ្យតម្លៃស្រ្តីជាខ្លាំង ហើយចាប់តាំងឆ្នាំ ២០១៦ មក ស្ថិតិបង្ហាញថា ស្រ្តីមានតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងវិស័យឯកជន និងក្នុងជួររាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកជំទាវបានបង្ហាញការជឿជាក់ថា យុវតីកម្ពុជានឹងក្លាយជាអ្នកដឹកនាំសំខាន់ៗនាពេលអនាគត។

ការបោះជំរំដ៏ធំប្រចាំឆ្នាំ២០២៤នេះ មានការជួបជុំសមាជិក សមាជិការបស់សមាគមកាយប្ញទ្ធិនារីទាំង៦សាខា រួមមាន៖ សាខាក្រុងភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី។ រយៈពេល ៤ ថ្ងៃនេះការបោះជំរំ គឺមានសកម្មភាពសំខាន់ៗជាច្រើន ការតម្រង់ទិសកុមារី និងយុវតី ដែលជាអនាគតអ្នកដឹកនាំនៅក្នុងសង្គម ព្រម ទាំងមានរៀបចំនូវសកម្មភាពជួយសង្គម និងសកម្មភាពកម្សាន្តសប្បាយជាច្រើនដែលបង្កប់នូវចំណេះដឹង និងការអប់រំសម្រាប់ប្អុនៗផងដែរ ដូចជាការរៀនពីរបៀបដំឡើងតង់រួមគ្នា,ការរៀនធ្វើម្ហូបជុំគ្នា,ការលេងល្បែងកម្សាន្តជុំគ្នា ការហាត់យោគៈរួមគ្នា ព្រមទាំងការដុតភ្លើងគប់ជុំគ្នាជាដើម៕

ដោយ៖ សូរិយា


ចែករំលែក៖