ភ្នំពេញ ៖ រថយន្ដកូរ៉េដឹកដែកមួយគ្រឿងបើកកិនបុរសម្នាក់ដែលជិះម៉ូតូដួលបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ក្នុងថ្លុកឈាម ចំណែករថយន្ដបង្កបើករត់គេចជាង១០០ម៉ែត្រត្រូវបានប្រជាពលរដ្ឋឃាត់បាន កាលពីវេលាម៉ោង១ និង០០នាទីរសៀល នៅថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២៤ តាមផ្លូវបេតុង ត្រង់ចំណុចគល់ស្ពានព្រែកសំរោង ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
សពជនរងគ្រោះមានឈ្មោះ ម៉ាន់ សេងហាក់ ភេទប្រុស អាយុ ៥១ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧២ ផ្លូវ១១០ ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្ដាល ។ ចំណែកអ្នកបើកបររថយន្ដបង្កមានឈ្មោះ ប៉ូ និត្យ ភេទ ប្រុស អាយុ ៤៣ឆ្នាំ មុខរបរបើកបរ ស្នាក់នៅការដ្ឋានភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅស្រុកព្រៃវែង ខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្ដបង្កបានប្រាប់ឲ្យដឹងថា ខ្លួនបានបើករថយន្ដកូរ៉េ ក្បាលពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ3A .9721 បានធ្វើដំណើរចេញពីការដ្ឋាននៅម្ដុំក្រវ៉ាត់ក្រុងទី៣យកមកដាក់ការដ្ឋាននៅម្ដុំវត្តនិរោធ ខណ្ឌច្បារអំពៅ ពេលធ្វើដំណើរឆ្លងស្ពានព្រែកសំរោងក្រុងតាខ្មៅឆ្លងចូលមកខណ្ឌច្បារអំពៅតាមផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ។
ខណៈពេលនោះក៏មានបុរសម្នាក់ជិះម៉ូតូស្គូពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HQ .8366 ធ្វើដំណើរស្របទិសដៅគ្នានៅពីមុខរថយន្តមិនដឹងថា ម៉ូតូជាប់ហ្វ្រាំងឬក៏មានបញ្ហាអ្វីទេក៏ម៉ូតូដួលពីមុខរថយន្ដ ត្រូវរថយន្ដកូរ៉េដឹកដែកកិនចូលក្រោមកង់រថយន្តខាងក្រោយផ្នែកខាងស្ដាំបែកក្បាលធ្លាយខួរស្លាប់ទាំងពាក់មួកសុត្ថិភាព។ដោយឡែកអ្នកបើកបររថយន្តបន្តធ្វើដំណើរទៅមុខប្រហែល១០០ម៉ែត្រជាងក៏ត្រូវបានប្រជាពលរដ្ឋឃើញដេញតាមឃាត់បានប្រគល់ឲ្យសមត្ថកិច្ចយកទៅមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មីដើម្បីសួរនាំ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ