ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានព្រឹទ្ធសភាអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមលើកកម្ពស់គុនខ្មែរ

ចែករំលែក៖

ភ្នំពេញ  ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមលើកកម្ពស់គុនខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបគុនខ្មែរនានា ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់កីឡាករ និងភាពរីកចម្រើននៃកីឡាគុនខ្មែរ ។

ការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញ ។ 

សម្ដេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា កីឡាគុនខ្មែរយើងបច្ចុប្បន្ននេះ កំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញតែប៉ុណ្ណោះ។ សម្តេច ថា កីឡាគុនខ្មែរ នឹងរីកចម្រើនលូតលាស់ជាងនេះនាពេលខាងមុខ បើសិនជាមានការគាំទ្រឱ្យបានដិតដល់ជាងនេះទៀត។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការខ្វះកីឡាករ កីឡាការិនីប្រដាល់ ព្រោះខ្វះខាតការបណ្តុះបណ្តាលជំនាញកីឡា។ សម្តេច បានស្នើឱ្យមានការពិចារណាជួយគាំទ្រ ការបណ្តុះបណ្តាលតាមបណ្តាក្លឹបគុនខ្មែរ នៅតាមខេត្តនានាទូទាំងប្រទេស។ សម្ដេច ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមចូលរួមលើកកម្ពស់គុនខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបគុនខ្មែរនានា ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់កីឡាករ និងដើម្បីភាពរីកចម្រើននៃកីឡាគុនខ្មែរយើងនាពេលខាងមុខ ។ 

ក្នុងឱកាសនេះ សម្តេចតេជោ ក៏បានមានប្រសាសន៍ឱ្យអ្នកជំនាញកីឡា ចុះទៅស្រាវជ្រាវ ពីបញ្ហាកីឡាប្រដាល់នៅខេត្តបាត់ដំបង ដែលខេត្តនោះមានក្រុមកីឡាករប្រដាល់ច្រើន មានក្លឹបហ្វឹកហាត់ក៏ច្រើន ហើយក៏មានការប្រកួតច្រើនណាស់ដែរ ប៉ុន្តែតម្លៃខ្លួនតិចតួចបំផុត ។

ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកមានធនធាន ដូចជា ៖ ប្រធានក្រុមហ៊ុន ជាឧកញ៉ា និងជាឧបនាយករដ្ឋមន្ត្រីជាដើម សូមជួយឧបត្ថម្ភក្លឹបគុនខ្មែរនៅតាមខេត្តនានា ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ ដឹងដើម្បីលើកទឹកចិត្តដល់កីឡាករប្រដាល់ ព្រមទាំងដើម្បីឲ្យវិស័យគុនខ្មែរកាន់តែរីកចម្រើនទៅមុខទៀត៕

ដោយ ៖ សិលា


ចែករំលែក៖