ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចសន្ទនានយោបាយកម្រិតខ្ពស់រវាងចិននិងជប៉ុនប្រារព្ធធ្វើនៅក្រុងប៉េកាំង

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២៤ លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិនបានធ្វើការពិគ្រោះពិភាក្សាតាមយន្តការសន្ទនានយោបាយកម្រិតខ្ពស់រវាងចិននិងជប៉ុនជាមួយលោកTakeo Akibaទីប្រឹក្សាពិសេសនៃគណៈរដ្ឋមន្រ្តីជប៉ុននិងជាប្រធានរដ្ឋបាលសន្តិសុខជាតិនៃប្រទេសជប៉ុននៅក្រុងប៉េកាំង។

 គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចសន្ទនា លោកWangYiបានលើកឡើងថា ទំនាក់ទំនងរវាងចិននិងជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះនៃការកែលម្អនិងអភិវឌ្ឍ ភាគីទាំងពីរគួរអនុលោមតាមគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ប្រកាន់ខ្ជាប់ទិសដៅត្រឹមត្រូវសម្រាប់កែលម្អនិងអភិវឌ្ឍទំនាក់ទំនងរវាងចិននិងជប៉ុន ដើម្បីបង្កើតទំនាក់ទំនងរវាងចិននិងជប៉ុនដែលប្រកបដោយលក្ខណៈស្ថាបនានិងស្ថិរភាពដែលបន្ស៊ីគ្នាជាមួយតម្រូវការនៃយុគសម័យថ្មី។ ភាគីជប៉ុនគួរប្រកាន់ខ្ជាប់ទស្សនៈសត្យានុម័តនិងប្រកបដោយវិចារណញ្ញាណចំពោះប្រទេសចិន គោរពតាមកិច្ចសន្យាខាងនយោបាយរបស់ខ្លួនអំពីបញ្ហាតៃវ៉ាន់ គាំពារយ៉ាងប្រាកដប្រជានូវមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុន ហើយអនុវត្តគំនិតឯកភាពរួមដ៏សំខាន់ស្តីពី”ការធ្វើជាដៃគូសហប្រតិបតិ្តការទៅវិញទៅមកនិងមិនបង្កជាការគំរាមកំហែងទៅវិញទៅមក” តាមរយៈសកម្មភាពជាក់ស្តែង ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីឱ្យដើរទៅមុខកាន់តែឆ្ងាយនិងកាន់តែរឹងមាំ។

 គេហទំព័រ «CCFR China state-controlled media » ពេលថ្លែងដល់បញ្ហាបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីFukushima របស់ជប៉ុនទៅក្នុងសមុទ្រ ភាគីទាំងពីរឯកភាពគ្នាថា នឹងពន្លឿនការជំរុញការងារអនុវត្តគំនិតឯកភាពរួមខាងនយោបាយរបស់ភាគីទាំងពីរនៅជំហានក្រោយ៕

ដោយ ៖ សិលា


ចែករំលែក៖