ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ១៦ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន១០គម្រោង។
ជាការកត់សម្គាល់ គម្រោងវិនិយោគទាំង៣១ មានគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ចំនួន ១, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, សម្ភារៈបរិក្ខារសម្រាប់បោះតង់, គ្រឿងសង្ហារឹម, គ្រឿងតុបតែងលម្អ និងគម្រោងផ្សេងៗដូចមានរាយលម្អិតតាមអនុវិស័យខាងក្រោម។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែតុលា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី១ ដោយបានរួមចំណែក៥៣,៣៩% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់២៩,៤៧% នៃទុនវិនិយោគសរុប៕
ដោយ៖ តារា