ព័ត៌មានទាន់ហេតុការណ៍៖

កូនដំរីព្រៃ១ក្បាលត្រូវបានជួយសង្គ្រោះដោយជោគជ័យក្នុងដែនជម្រកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កូនដំរីព្រៃ១ក្បាលត្រូវបានប្រទះឃើញនៅព្រៃជិតចំការរបស់ប្រជាសហគមន៍ ដែលមានទីតាំងស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមរយៈព័ត៌មានដែលទទួលបានពីប្រជាសហគមន៍នៅទីនោះបានឱ្យដឹងថា កូនដំរីនេះត្រូវបានប្រទះឃើញនៅដាច់ពីហ្វូងប្រហែលជិត២សប្តាហ៍មកហើយគិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។

ក្រោយទទួលបានដំណឹង ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានចុះទៅពិនិត្យ និងតាមដានស្ថានភាពកូនដំរីព្រៃ១ក្បាលនេះ។ ដោយកូនដំរីមានស្ថានភាពស្គម និងបាក់ទឹកដោះ ក្រុមការងារអង្គការWCS បានសហការជាមួយក្រុមការងារអង្គការ WWF, WA ក្នុងការផ្តល់ចំនី និងទឹកដោះគោ ដើម្បីអាចអោយកូនដំរីនេះមានកំលាំង និងអាហារគ្រប់គ្រាន់។

តាមរយៈការសង្កេតដោយក្រុមការងារជំនាញ កូនដំរីនេះមានអាយុប្រហែល២ឆ្នាំ និងទំងន់ប្រមាណ៣០០ គីឡូ ក្រាម ដែលជាវ័យដែលត្រូវទទួលបានការបំបៅ និងបណ្តើរដោយមេដំរី។ ប៉ុន្តែវាជាករណីដែលកម្រដែលកូនដំរីនេះត្រូវបានទុកឱ្យនៅតែឯង។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបានបន្តរងចាំពិនិត្យមើលពីចំងាយ ក្រែងមានហ្វូងដំរីមករកកូនដំរីនេះវិញ។ ក្រោយរងចាំអស់រយៈពេល៤ថ្ងៃ រួចមក ក្រុមការងារពាក់ព័ន្ធបានពិភាក្សា និងសម្រេចថាមិនអាចបន្តទុកកូនដំរីនេះឱ្យនៅតែឯងដោយមិនមានមេនៅជិតបន្តទៀតបានទេ។ ហេតុដូចនេះ ក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានទាក់ទងទៅក្រុមការងារសង្គ្រោះសត្វព្រៃនៃមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីធ្វើការសង្គ្រោះកូនដំរីនេះ និងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដើម្បីធ្វើការបំប៉ន និងមើលថែរក្សា។

សកម្មភាពសង្គ្រោះកូនដំរីនេះធ្វើឡើងរយៈពេល ២ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការ ចូលរួមសហការពី អង្គការ WCS, WWF, WA, រដ្ឋបាលព្រៃឈើ ក្រុមការងារសង្គ្រោះសត្វព្រៃនៃមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ,មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា និងដែន ជម្រកសត្វព្រៃភ្នំព្រិច សហគមន៍ល្បាត និងប្រជាសហគមន៍មូលដ្ឋានប្រមាណជិត ៣០នាក់។ ទោះបីជាស្ថានភាពទីតាំងក្នុងការជួយសង្គ្រោះមានភាពលំបាក ដោយសារជាភូមិសាស្ត្រតំបន់ភ្នំ និងជាប់ជាមួយព្រៃក្រាស់ដែលអាចងាយប្រឈមនឹងឧបសគ្គផ្សេងៗ ក្រុម ការងារសង្គ្រោះនៅតែរិះរកវិធីសាស្រ្តដើម្បីជួយសង្គ្រោះកូនដំរីព្រៃមួយក្បាលនេះដោយមិនរុញរាឡើយ។

ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ កូនដំរីព្រៃ១ ក្បាលនេះត្រូវបានសង្គ្រោះដោយជោគជ័យ និងបញ្ជូនមកដល់ឧទ្យានសួនសត្វភ្នំតាម៉ៅដោយសុវត្ថិភាពនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជោគជ័យក្នុងការជួយសង្គ្រោះនេះបានសបញ្ចាក់ពីការយកចិត្តទុកដាក់ពីក្រុមការងារគ្រប់ជាន់ថ្នាក់ ស្ថាប័នរដ្ឋ អង្គការដៃគូ និងប្រជាសហគមន៍មូលដ្ឋាន លើកិច្ចការងារអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងព្រៃឈើដែលជាសម្បត្តិដ៏មហាសាលដែលមិនអាចកាត់ថ្លៃបាន។

អង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia សូមថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការជួយសង្គ្រោះកូនដំរីព្រៃមួយក្បាលនេះ ហើយយើងនឹងប្តេជ្ញាបន្តកិច្ចសហការល្អនេះជាមួយភាគីពាក់ព័ន្ធបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអោយការងារអភិរក្សធនធានធម្មជាតិទទួលបានជោគជ័យ និងទុកជាកេរ្តិ៍ដំណែលដល់អ្នកជំនាន់ក្រោយ ៕

ដោយ៖ សូរិយា


ចែករំលែក៖