ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ នឹងទទួល​រងព្យុះទី២២ឈ្មោះឃីនស៊ីង (Yinxing)​ ដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្ត ទៅជាព្យុះសង្ឃរា​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាស​នៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ព្យុះទី២២ឈ្មោះឃីនស៊ីង (Yinxing)ដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្ត ទៅជាព្យុះសង្ឃរាបានមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្រប ដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោម” នៃអាងទន្លេ មេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ខ្យល់បក់មក ពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៤,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៥៥%។

២-តំបន់ខ្ពង់រាប៖

– សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង​ ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់ មកពីទិសឦសាននិងអាគ្នេយ៍មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ លើផ្ទៃដី១៥%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

ដោយ​៖ តារា​


ចែករំលែក៖