ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ចរាចរណ៍​ បន្តផាកពិន័យលើយានយន្តល្មើសចំនួន ៣៧៩គ្រឿងទៀត នៅទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤​បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៩៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៩៣គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ២៣១គ្រឿង និងម៉ូតូ ២៥២គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៧៩គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១៦៨គ្រឿង និងម៉ូតូ ២០៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៦ ថ្ងៃ ពីថ្ងៃទី១-០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,៣១៩គ្រឿង, រថយន្តធំ ៤១គ្រឿង, រថយន្តតូច ១,០៤៨គ្រឿង, ម៉ូតូ ១,២៣០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៧៧៥គ្រឿង, រថយន្តធំ ២៥គ្រឿង, រថយន្តតូច ៧៥៥គ្រឿង និងម៉ូតូ ៩៩៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖