ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវពីរក្រុមកាប់គ្នាមិនអស់ចិត្ត បោកគ្រាប់បែកបង្កឱ្យមានការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនិងអាជ្ញាធរមានការញាប់ដៃញាប់ជើងទាំងពាក់កណ្ដាលអធ្រាត្រ ខណៈក្រុមក្មេងស្ទាវពីរក្រុមដេញវាយកាប់គ្នា

មិនអស់ចិត្តក៏បានបោកគ្រាប់បែកបង្កឲ្យមានអ្នករងរបួសនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៦ ឋិតនៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត។

តាមប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននិយាយថាក្នុងហេតុការណ៍ខាងលើនេះគេមិនដឹងថាមានអ្នករងរបួសប៉ុន្មាននាក់នោះទេ ព្រោះឃើញមានរថយន្តសង្គ្រោះមកដឹកអ្នករងរបួស ព្រោះគាត់មិនបានទៅជិតខ្លាចមានបក្ខពួកជនបង្កមកបាញ់ឬបោកគ្រាប់បែកបន្ថែមទៀតអាចបង្កគ្រោះថ្នាក់ដល់ពួកគាត់។

តាមការសាកសួរលោកសន មុន្នី មេភូមិខាងលើបានប្រាប់ថា ក្នុងករណីនេះលោកបានចុះទៅដល់កន្លែងកើតហេតុជាមួយក្រុមអាជ្ញាធរនិងសមត្ថកិច្ចដើម្បីធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅនឹងកន្លែងកើតហេតុ។ លោកបន្តថា ក្រុមក្មេងស្ទាវខាងលើពួកគេមានជម្លោះគ្នានៅ

ចំណុចផ្លូវជាតិលេខ58 រួចក៏ជិះម៉ូតូប្រដេញគ្នាមកដល់ចំណុចកើតហេតុក៏បានបាញ់២គ្រាប់ ហើយមិនអស់ចិត្តក៏បោកគ្រាប់បែកគំរាមដៃគូបន្ថែម បង្កការភ្ញាក់ផ្អើលពេញភូមិតែម្តង។ លោកបន្តថាភ្លាមៗនោះដែរកម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបក្ខពួកជនដៃដល់ដែលបង្កអសន្តិសុខបានចំនួន៩នាក់បន្ថែមទៀត។ រឿងរ៉ាវខាងលើនេះរហូតមកដល់រសៀលថ្ងៃដដែលអ្នកយកព័ត៏មានយើងមិនទាន់បានទទួលព័ត៌មានថាជាករណីកាប់ប្លន់ឬក៏ជាករណីស្នេហាត្រីកោណនោះទេ ព្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់បន្តទៀតដើម្បីសន្តិសុខនិងភូមិឃុំមានសុវត្ថិភាព៕

ដោយ៖ វណ្ណា


ចែករំលែក៖