ខេត្តពោធិ៍សាត់ ៖ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ តាមរយៈមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលក្រុងពោធិ៍សាត់ បានរៀបចំយុទ្ធនាការបណ្តុះផ្នត់គំនិតស្អាត «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ចេញរើសសំរាម សំណល់ប្លាស្ទិកព្រមគ្នា នៅតាមផ្លូវទាំងអស់ ក្នុងក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីការចូលរួមសាមគ្គីគ្នា ដើម្បីមូលដ្ឋានស្អាត ទីក្រុង ទីប្រជុំជនស្អាត ជាពិសេសសារៈសំខាន់នៃការគ្រប់គ្រងសំរាមប្រកបដោយនិរន្តរភាព ឆ្ពោះទៅកម្ពុជាមានភាពស្អាត នៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។
លោក កេង ចាន់ធឿន អភិបាលរងក្រុងពោធិ៍សាត់ បានលើកឡើងពីការជំរុញការផ្សព្វផ្សាយនិងអនុវត្តយ៉ាងទូលំទូលាយនៃ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន!” ក្នុងចំណោមសិស្សានុសិស្សនៅតាមសង្កាត់ទាំង៧នៅក្នុងក្រុងពោធិ៍សាត់។ លោកបានប្តេជ្ញាជំរុញយុទ្ធនាការឆ្ពោះទៅរកទីក្រុងស្អាត ដោយលើកទឹកចិត្តប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ថែរក្សាបរិស្ថានស្អាត និងគ្រប់គ្រងកាកសំណល់ ប្រកបដោយការទទួលខុសត្រូវ។ លោក សឿង សារឿន នាយកប្រតិបត្តិនៃ និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា NGO Forum ដែលបានសហការរៀបចំការផ្សព្វផ្សាយនៅក្នុងថ្ងៃនេះ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងបរិស្ថាន ក្នុងការរក្សាកម្ពុជាឱ្យស្អាត និងបានអំពាវនាវឱ្យមានការចូលរួមបន្ថែមទៀត ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវិតប្រចាំថ្ងៃ។ លោកបានបន្តថា៖ «យើងត្រូវការភាពស្អាតក្នុងចិត្តរបស់យើង ក៏ដូចជានៅជុំវិញខ្លួនយើងដែរ។ ដូចនេះត្រូវចាប់ផ្តើម ដោយការប្តេជ្ញាចិត្តរបស់បុគ្គលម្នាក់ៗ។
លោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ បានសំដែងការគាំទ្រយ៉ាងមុតមាំចំពោះយុទ្ធនាការនេះ ហើយប្តេជ្ញាធ្វើឲ្យវាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តម បានបន្ថែមថា យុទ្ធនាការបានចូលរួមកែប្រែឥរិយាបថសាធារណជន ឱ្យមានអនាម័យតាមភូមិដ្ឋាន ទីក្រុងស្អាត ព្រមទាំងមានការគ្រប់គ្រងទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវជាបណ្តើរៗ។ ឯកឧត្តម បានអះអាងថា យុទ្ធនាការនេះ អាចជោគជ័យបាននៅក្នុងពេលអនាគត លុះត្រាតែមានការចូលរួមពីគ្រប់ស្ថាប័ន និងសហគមន៍។
កន្លងមកសិស្សានុសិស្សប្រមាណ៣,៧លាននាក់ បានដើរតួយ៉ាងសកម្មនៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់ក្រសួងបរិស្ថាន ដែលមានអ្នកចូលរួមសរុប៩,៧នាក់។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានបង្ហាញថាយុទ្ធនាការជាជំហានៗ ពីយុទ្ធនាការនៃការប្តេជ្ញាចិត្ត មកជាការអនុវត្តសកម្មភាព ការប្រមូលទុកដាក់ សំរាម សំណល់ប្លាស្ទិក ដែលមានយុទ្ធនាការ«កម្ពុជាស្ងាត ខ្មែរធ្វើបាន» ដែលមានអ្នកចូលរួមប្រមាណជាង៣លាននាក់រួចមកហើយ បន្ទាប់មកបន្តជំរុញឱ្យសកម្មភាពនៃយុទ្ធនាការក្លាយទៅជាចលនា ឆ្ពោះទៅប្រជាជនកម្ពុជាមានទម្លាប់រស់នៅស្អាត។
លោក លីង ជាមីង សិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនពោធិ៍សាត់ បានសម្តែងការសាទរចំពោះការចូលរួម ក្នុងបុព្វហេតុបរិស្ថាន និងមានប្តេជ្ញាចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជួយថែរក្សាសាលាឱ្យស្អាត។ មិត្តរួមថ្នាក់របស់គាត់ កញ្ញា សឹស ចាន់ដា បានចាត់ទុកថាយុទ្ធនាការនេះ ជាគំរូល្អសម្រាប់ប្រជាជនក្នុងការអនុវត្តតាម» ជាពិសេសការព្រួយបារម្ភអំពីបរិស្ថាន និងហានិភ័យសុខភាព ដែលបង្ករឡើងដោយសំណល់ប្លាស្ទិក។ “ខ្ញុំនឹងផ្សព្វផ្សាយទៅកាន់មិត្តភ័ក្តិ សិស្សរួមថ្នាក់ និងគ្រួសាររបស់ខ្ញុំ ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកចាប់ពីថ្ងៃនេះតទៅ”។ កញ្ញា សឹស ចាន់ដា បានបន្ថែមក្នុងពេលកមពុងដើរើសសំរាម។
សូមបញ្ជាក់ថា កម្ពុជាផលិតកាកសំណល់ចំនួន២លានតោនក្នុងមួយឆ្នាំ ក្នុងនោះមានប្លាស្ទិក ចំនួនប្រមាណ២០%»។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានសំណូមពរឱ្យមានចូលរួម យុទ្ធនាការ«កម្ពុជាស្ងាត ខ្មែរធ្វើបាន» ដោយចំណាយពេលត្រឹមតែ ១៥នាទីរៀងរាល់ថ្ងៃសៅរ៍ ឬថ្ងៃណាមួយក្នុង១សប្តាហ៍ ដើម្បីចេញរើសសំរាមប្រមូលទុកដាក់សំណល់ប្លាស្ទិកសំអាតមូលដ្ឋាន តាមដងផ្លូវនិងទីសារធារណៈនានាឱ្យមានភាពស្អាត។ «យើងត្រូវតែធ្វើការជាមួយគ្នា ដើម្បីរក្សាផ្ទះ សាលារៀន សហគមន៍ និងប្រទេសឲ្យស្អាត»។ លោកអនុរដ្ឋលេខាធិការបានលើកឡើងបន្ថែម៕
ដោយ ៖ សិលា