ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី បច្ចេកទេសជួសជុលថែទាំស្ពានខ្សែកាប (Cable-stayed bridge)

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការក្រសួង នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី បច្ចេកទេសជួសជុលថែទាំស្ពាន (Cable-stayed bridge) ដោយមានការអញ្ជើញចូលរួមពី លោកជាថ្នាក់ដឹកនាំ លោក/លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេស តំណាងមន្ទីរទាំង២៥ រាជធានី ខេត្ត ក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបប្រមាណជាង១០០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន HONSHU-SHIKOKU BRIDGE EXPRESSWAY COMPANY LIMITED របស់ប្រទេសជប៉ុន ក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកទេសថ្មីៗ ក្នុងការពិនិត្យ ជួសជុល និងថែទាំស្ពានធំៗ ជាពិសេសគឺប្រភេទស្ពានខ្សែកាប សម្រាប់ជាប្រយោជន៍ ដល់ការងារអនុវត្តការថែទាំស្ពានជាក់ស្ដែង ក៏ដូចជាការផ្ទេរចំណេះដឹង បទពិសោធន៍ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា លើការជួសជុលថែទាំស្ពាន វិធីសាស្ត្រល្អៗ និងបច្ចេកវិទ្យាទំនើប ពីប្រទេសជប៉ុន មកកាន់កម្ពុជា សំដៅធានាបាននូវការថែរក្សាគុណភាពខ្ពស់ ធន់ទៅនឹងការប្រើប្រាស់ និងឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ ព្រមទាំងប្រសិទ្ធភាពថវិកាផងដែរ។

ថ្លែងបើកសិក្ខាសាលានេះ លោករដ្ឋលេខាធិការ បានរំលេចនូវសមទ្ធិផលសំខាន់ៗនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការរបស់រាជរដ្ឋាភិបាល មានតួនាទី និងភារកិច្ចគ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូន នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបន្តការងារថែទាំ ជួសជុល ស្តា និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានថ្នល់ជាប្រចាំដោយយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងភាពធន់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

លោករដ្ឋលេខាធិការ មានការរំពឹងទុកយ៉ាងមុតមាំថា សិក្ខាសាលាបណ្តុះបណ្ដាលដ៏មានសារៈសំខាន់នេះនឹងរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹង ជំនាញ ដល់មន្ត្រីជំនាញបច្ចេកទេសទាំងអស់ ពីអ្នកជំនាញមកពីប្រទេសជប៉ុន ក្នុងការទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីជួយជម្រុញដល់ដំណើរការសាងសង់ ការថែទាំផ្លូវថ្នល់ និងស្ពាននៅក្នុងប្រទេសកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖